(ក្រុងមីឡេន)៖ Romelu Lukaku បន្តរកបាន ២គ្រាប់ក្នុងជំនួបដែលជួយ Inter Milan ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia ក្រោយបំបាក់គូប្រជែង Cagliari ៤-១ នៅនារាត្រីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យកីឡាករសញ្ជាតិប៊ែលហ្សិកកើនគ្រាប់ស៊ុតបាន ១៨គ្រាប់ពីការចូលលេងបាន ២៥ប្រកួតក្នុងក្លឹបយក្សអ៊ីតាលី Inter Milan បន្ទាប់ពីផ្លាស់ចេញពីក្លឹបអង់គ្លេស Manchester United នារដូវក្តៅនេះក្នុងតម្លៃ ៧៤លានផោន។

កីឡាករស្បែកខ្មៅវ័យ ២៦ឆ្នាំ Lukaku រកបានគ្រាប់បើកឆាកត្រឹមចាប់ផ្តើមលេងបានតែ ១នាទីប៉ុណ្ណោះ មុនពេលបន្ថែមគ្រាប់ទី២ នៅនាទីទី៤៩ ក្នុងចំណោម ៤គ្រាប់របស់ក្រុមលេខ២ នៅលីគកំពូល Serie A នារដូវកាលឆ្នាំ២០១៩-២០២០។

នៅពេលនេះ ព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ អ៊ីតាលី Coppa Italia រកឃើញ ៤ក្រុមហើយដែលបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយរួមមាន Inter Milan, Lazio, Napoli និងក្លឹប Turino ដែលបានទម្លាក់ Genoa ដោយបាល់ប៉េណាល់ទីកាត់សេចក្តី៕