(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ RSN Cup 2020 បានបញ្ចប់ហើយ ខណៈក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានត្រឹមខកចិត្តប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់ក្រុម Kedah FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ ក្នុងជំនួបសន្សំពិន្ទុចុងក្រោយនៅកីឡដ្ឋាន RSN កាលពីល្ងាចមិញ។

សម្រាប់ការប្រកួតកាត់ក្ដីនេះ ក្រុមទាំងពីរបានបញ្ចប់ដោយភាពតានតឹងបំផុត សូម្បីគ្រូបង្វឹកក្រុមទាំងពីរក៏ទទួលបានកាតលឿងម្នាក់មួយដែរ។ វគ្គទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបាននោះទេ។ លុះចូលវគ្គទី២ ក្រុម Kedah FA បាននាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់ ដោយកីឡាករ Pipre Tchetche និង Azman Hadin។ ឯភ្នំពេញក្រោន ព្យាយាមវាយបកបាន ១គ្រាប់វិញប៉ុណ្ណោះ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

សរុបលទ្ធផលក្រុមម៉ាឡេស៊ី Kedah FA បានគ្រងតំណែងជើងឯកពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតផ្ទួនៗ ពោលគឺឈ្នះភ្នំពេញក្រោន ២-១ និងឈ្នះអង្គរថាយហ្គឺរ ១-០។ រីឯក្រុមភ្នំពេញក្រោន បានត្រឹមជើងឯករង ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងចាញ់១ ស្របពេលលេខ៣ បានទៅក្រុមអង្គរថាយហ្គឺរ ដែលរងបរាជ័យទាំង ២ប្រកួតក្រោមថ្វីជើង Kedah FA និងភ្នំពេញក្រោនកាលពីចុងសប្ដាហ៍កន្លងទៅ៕