(ភ្នំពេញ)៖ តារាចម្រៀងលោក ម៉ៅ ហាជី និងកញ្ញា បាន មុន្នីល័ក្ខ ត្បិតតែអ្នកទាំងពីរជាតារាចម្រៀង ដែលមានកេរ្តិ៍ល្បីជាយូរមកហើយក្ដី ប៉ុន្តែតារាចម្រៀងប្រុសស្រីទាំងពីរនេះ មិនដែលសម្ដែងភាពយន្តនោះទេ ទើបតែពេលនេះឈានចូលដើមឆ្នាំ២០២០ភ្លាម តារាចម្រៀង លោក ម៉ៅ ហាជី និងកញ្ញា បាន មុន្នីល័ក្ខ ឆក់បានឱកាសសម្ដែងជាតួឯករួមគ្នាជាលើកដំបូង ដែលមានចំណងជើងថា «ព្រហ្មលិខិតដុះស្លាប» របស់ផលិតកម្មថោន ដែលបានធ្វើពិធីក្រុងពាលីរឿងភាគថ្មីនេះ កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០មុននេះ ដោយបានប្រមូលផ្តុំ តារាក្នុងផលិតកម្ម និងតារាសម្តែងល្បីៗ មកជួបជុំគ្នាយ៉ាងច្រើន។

តួឯកប្រុសស្រីក្នុងរឿង «ព្រហ្មលិខិតដុះស្លាប» លោកម៉ៅ ហាជី និងកញ្ញាបាន មុនីលក្ខ័ បានឲ្យដឹងថា ពួកគេពិតជារំភើបតែម្តង បន្ទាប់ពីមេកើយឲ្យសញ្ញា​ថា បានសម្ដែងជាតួឯក។ ពួកគេទាំង២នាក់មានតែខិតខំសម្តែងឲ្យល្អ ព្រោះយល់ថា តារាសម្តែងបន់បែនកាយវិការទឹកមុខច្រើន ខុសពីការសម្តែងចម្រៀង ហើយពេញចិត្តបទពិសោធន៍ថ្មីនេះ ដើម្បីឲ្យកាន់តែស្គាល់ សិល្បៈគ្រប់ទម្រង់។

លោក សោម ដូរ៉េ អ្នកនិពន្ឋរឿងដែលមានទេពកោសល្យយូរឆ្នាំ បានអោយដឹងថារឿង «ព្រហ្មលិខិតដុះស្លាប» នេះជាខ្សែចម្រៀង ដែលយើងបានចងក្រងរំលេចឡើង ចំនួន១០បទ បន្ទាប់ពីសន្សំគំនិតគិតទុកអស់ជាច្រើនខែ។ លោកថា ការសម្តែងទៀតសោត មានការតុបតែងឈុតសម្លៀកបំពាក់ តែមួយឈុតៗដូចគ្នារហូតដល់ចប់។ យ៉ាងណាមិញ លោករំពឹងថា រឿងនេះមានការទាក់ទាញ ព្រោះជាចម្រៀងសាច់រឿង ដែលស្រុកគេ គឺកសាងថតបែបនេះដែរ។ អ្វីដែលសំខាន់នោះ គឺប្រជុំតួសុទ្ឋតែលំដាប់ៗមហាជនទទួលស្គាល់ច្រើន។

លោកលី ម៉េង ដែលជាផលិតករបានឲ្យដឹងបន្ថែម​ថា គម្រោងចេញថតក្រោយពេលក្រុងពាលីចប់ ដោយថតប្រហែលជាពីរខែ ដោយថតបណ្តើរ ចាក់ផ្សាយបណ្តើរ ដើម្បីឲ្យអ្នកគាំទ្របានស្គាល់រសជាតិថ្មី។ ចំពោះរឿងពេលវេលាចាក់ផ្សាយយើងសុំពិភាក្សាគ្នារើសថ្ងៃសិន​។

គួរបញ្ជាក់ថា រឿង«ព្រហ្មលិខិតដុះស្លាប» មានការចូលរួមសម្ដែងតារាចម្រៀង និងតារាសម្ដែងល្បីៗជាច្រើនរូប ដូចជា លោក ម៉ៅ ហាជី, កញ្ញា បាន មុន្នីល័ក្ខ, លោក សៅ ឧត្តម, រ៉ូលីន, អ្នកនាង កាតុ, កញ្ញា ញឹម ចាន់ថន, អ្នកនាង កុល ដាវី, ចេន សាយចៃ, ម៉ានីតា, ឆ័យលី ដាឡែន, ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត៕