(កណ្ដាល)៖ ដោយបានមើលឃើញពីស្ថានភាពជាក់ស្ដែង នៃស្រ្តីជាអ្នកជំងឺមហារីកសុដន់ម្នាក់ ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល កំពុងតែជួបប្រទះនូវការខ្វះខាតខ្លាំង ក្នុងការទិញថ្នាំព្យាបាល និងកំពុងតែឈានទៅរកដំណាក់កាលចុងក្រោយ ទៅហើយនោះ តារាចម្រៀង សន វិជ្ជបុត្រ បានធ្វើការអំពាវនាវ ដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបរិច្ចាគថវិកា ឬធនធាន ជួយដល់ស្រ្តីម្នាក់នោះ តាមការដង្ហោយរក។

បន្ទាប់ពីមានការប្រកូកប្រកាស ពីតារាចម្រៀង សន វិជ្ជបុត្រ ក៏ដូចជាក្រុមគ្រួសារមក អស់រយៈពេលជាច្រើនថ្ងៃ​ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមងារងាររបស់លោកប្រមូលបានថវិកា​ ប្រមាណ ជិត២ពាន់(សរុបទឹកប្រាក់ទាំងអស់​ ១១៨០ដុល្លារ​ និង១,០៥០,០០០រៀល) ដើម្បីធ្វើការប្រគល់ជូនដល់ស្រ្តីម្នាក់ឈ្មោះ សុភ័ក្ដ្រ ​រស់នៅ​ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ខណៈដែលគាត់​មានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ តំណាក់កាលចុងក្រោយ ​និងបានដង្ហោយហៅបងប្អូនសប្បុរសជន សុំថវិកា​ទិញថ្នាំបំបាត់ការឈឺចុកចាប់ បានរស់នៅមើលមុខកូន ​នៅនាទីចុងក្រោយ។

តារាចម្រៀង សន វិជ្ជបុត្រ បានថ្លែងប្រាប់ក្នុងឱកាសនាំយកថវិកា ទៅប្រគល់ជូនដល់ដៃស្រ្តីជាអ្នកជំងឺនោះថា ថវិកានេះ គឺបានមកពីការបរិច្ចាគរបស់បងប្អូនយើង ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះក៏មានអ្នកសិល្បៈ មួយចំនួនផងដែរ។ ទោះបីជាជំនួយនេះ មានលក្ខណៈតិចតួច និងមិនធ្វើឲ្យអ្នកជំងឺជាសះស្បើយ១០០%ក្ដី ប៉ុន្តែជាទឹកចិត្តខ្មែរជួយខ្មែរ ជួយរំលែកនូវការខ្វះខាត និងទុក្ខលំបាករបស់គ្នាទៅវិញទៅមក។ យ៉ាងណាមិញ លោកនៅតែបន្តអំពាវនាវដល់សប្បុរសជន ដើម្បីជួយដល់អ្នកមីង សុភ័ក្ដ្រ បន្ថែមទៀត ដើម្បីជួយសម្រួលការលំបាក និងវប្បធម៌​ជួយគ្នាមួយ ដែលលោកប្រកាន់ខ្ជាប់។

សូមបញ្ជាក់ថា នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ ដែល​​តារា​ចម្រៀង លោក សន វិជ្ជបុត្រ ធ្វើ​អំពើ​សប្បុរសធម៌​បែប​នេះ ដោយកន្លង​លោក​​ធ្លាប់ ធ្វើ​ផ្ទះ​ឲ្យ​ជន​ក្រីក្រ​ចាស់ជរា បុក​អណ្ដូង ក៏​ដូច​​ជា​ចែក​អំណោយ​​អ្នក​សិល្បៈ​ក្រីក្រ​ជា​ច្រើន​នាក់​ទៀត។ តារា​ចម្រៀង​មានដើម​កំណើត​មក​ពី​​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​រូប​នេះ​ បាន​បញ្ជាក់​ថា សកម្មភាព​ដែល​ខ្លួន​​កំពុង​ធ្វើ​ អំពើ​​សប្បុរសធម៌​កន្លង​មក​នេះ មិន​មែន​ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​ ឬ​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​ឡើយ គឺ​ជា​កើត​ចេញ​​ពី​ទឹក​ចិត្ត​ផ្ទាល់​តែ​ម្ដង។ ​​ខ្លួន​នឹង​បន្ត​សកម្មភាព​សប្បុរសធម៌​នេះ​បន្ត​ទៀត ហើយជា​មួយ​គ្នានេះប្រសិន​បើ​មាន​​សប្បុរសជន​ផ្សេង​ទៀត​​ចង់​ចូល​រួម​ អាចចូលរួមជា​មួយ​លោក​បាន​ លោកនឹង​ស្វាគមន៍​ជា​និច្ច៕