(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rasford រកបានទាំង ២គ្រាប់ម្នាក់ឯងក្នុងជំនួបដែលម្ចាស់ផ្ទះ បិសាចក្រហម Manchester United យកឈ្នះគូប្រជែង Tottenham Hotspur ២-១ ក្នុងសប្តាហ៍ទី១៥ នៃ Premier League ជើងទី១ នៅកីឡដ្ឋាន Old Trafford នាយប់មិញនេះ។

២គ្រាប់របស់កីឡាករក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស Rasford កើតឡើងនៅនាទីទី៦ និងប៉េណាល់ទី ១គ្រាប់នៅនាទីទី៤៩ ដើម្បីជួយក្រុមរបស់លោក Ole យកបាន ៣ពិន្ទុឡើងទៅឈរនៅលេខរៀងទី៦ បណ្តោះអាសន្នវិញ គ្រាដែល Dele Alli រកបានតែ ១គ្រាប់ឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅនាទី៣៩ ដែលមានអតីតអ្នកចាត់ការទូទៅ Man Utd លោក Jose Mourinho ដឹកនាំ។

១គ្រាប់ប៉េណាល់ទីរបស់កីឡាករវ័យ ២០ឆ្នាំខាងលើនេះ ជាគ្រាប់សម្រេចទីលើកទី៣ ក្នុងចំណោមប៉េណាល់ទី ៥គ្រាប់ឲ្យ Man Utd នៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០ និងកើនគ្រាប់ស៊ុតបានដល់ ១២គ្រាប់ពីការចូលលេងបាន ១៣ប្រកួតទាំងក្នុងក្លឹប និងជម្រើសជាតិនារដូវកាលនេះ។

យ៉ាងណាមិញ Man Utd នៅតែជាក្រុមតែមួយគត់ដែលលេងមិនចាញ់ក្នុងដី ក្នុងចំណោម ៩ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់ ដោយឈ្នះ៥ និងស្មើ៤ គិតចាប់តាំងពីបានចាញ់ ២-១ ក្រោមថ្វីជើងរបស់ Crystal Palace កាលខែសីហា ឆ្នាំ២០១៩៕