(ម៉ានីល)៖ ក្រុមការពារតំណែងមេដាយមាស U22 ថៃ ត្រូវការឈ្នះ U22 របស់វៀតណាម ដាច់ខាត ហើយចាប់ពី ២គ្រាប់ឡើងទៅផងដែរនៅរសៀលម៉ោង ១៥៖០០នាទីថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីទទួលបានកៅអី១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន។

នេះជា ១ប្រកួតបញ្ចប់បិទពូល B ដោយទាមទារឲ្យថៃ រកឲ្យបាន ៣ពិន្ទុដាច់ខាត និងច្រើនគ្រាប់ផងដែរពីក្រុមខ្លាំងមិនទាន់ចាញ់វៀតណាម ដែលកំពុងឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ តាមពីក្រោយដោយ U22 ឥណ្ឌូនេស៊ី ដែលមាន ៩ពិន្ទុស្មើក្រុមលេខ៣ ថៃផងដែរ។

ដូច្នេះ ថៃត្រូវការឈ្នះចាប់ពី ២គ្រាប់ទៅលើវៀតណាម ដែលមាន១២ពិន្ទុ និងគ្រាប់ចំណេញក្នុងដៃ ១៣គ្រាប់ ខណៈថៃមាន ៩ពិន្ទុ និងគ្រាប់ចំណេញ ១០គ្រាប់ក្នុងដៃ និងឥណ្ឌូនេស៊ី នៅសល់គ្រាប់ចំណេញ ១១គ្រាប់ដែលត្រូវប៉ះក្រុមអាចស៊ីបាន U22 ឡាវនៅម៉ោង ៣៖០០នាទីរសៀលដំណាលគ្នាដែរ។

គួរបញ្ជាក់ផងថា ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល B នឹងជួប U22 កម្ពុជា ដែលស្ថិតនៅលេខ២ ក្នុងពូល A និងក្រុមលេខ២ ពូល B ត្រូវប៉ះក្រុមលេខ១ ពូល A គឺមីយ៉ាន់ម៉ា ធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅកីឡដ្ឋាន Rizal Memorial តែមួយគត់៕