(ក្រុងឡុងដ៍)៖ ក្រុមកញ្ជ្រោងខៀវ Leicester City បានបំបាក់ក្រុម Wartford ក្នុងលទ្ធផល ២-០ គ្រាដែលជ័យជម្នះនេះ ក៏មានការរួមចំណែកស៊ុតពីកីឡាករខ្សែប្រយុទ្ធ Jamie Vardy ដែលរូបគេបានកើនគ្រាប់ស៊ុតដល់ ១៤គ្រាប់ច្រើនជាងគេនៅរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យអតីតក្រុមជើងឯក Premier League ឆ្នាំ២០១៦ ឡើងទៅឈរនៅលេខរៀងទី២ ក្នុងតារាងវិញ ដោយមាន ៣៥ពិន្ទុ បន្តាំមុខក្រុមការពារជើងឯក Manchester City ដែលឈរនៅលេខ៣ មាន ៣២ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៥ ជើងទី១។

២គ្រាប់របស់ Leicester City ធ្វើបានសម្រេចដោយកីឡាករ ២រូបផងដែររួមមានខ្សែប្រយុទ្ធឆ្នើម Jamie Vardy រកបាននៅនាទី៥៥ ដោយបាល់ពិន័យ ១១ម៉ែត្រ និងខ្សែបម្រើ James Maddison នៅនាទី៩០ ចុងម៉ោង ក្រោមការបង្វឹករបស់លោក Brendan Rodgers។

សម្រាប់ប្រកួតបន្ទាប់ ក្រុមកញ្ជ្រោងខៀវ Leicester City នឹងធ្វើដំណើទៅជួបក្រុម Aston Villa នៅសប្តាហ៍ទី១៦ ចុងសប្តាហ៍នេះ៕