(ភ្នំពេញ)៖ ម្ចាស់ពានក្នុងព្រឹត្តការណ៍បាល់ទាត់ផ្នែកបុរសដែលមានឈ្មោះ «Leader+» ក្នុងរដូវកាលទី៦ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» បានទៅលើក្រុម Convenience Account មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសក្រោមពាក្យស្លោក «កីឡានាំមកនូវសុខភាពល្អ» របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី និងបានបញ្ចប់ដោយក្តីសប្បាយរីករាយ ជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប និងជាពិសេសក្រោមវត្តមាន លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។

សូមជម្រាបជូនថា ពានរង្វាន់ Leader+ រដូវកាលទី៦របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចាប់ផ្តើមនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានបញ្ចប់ទៅវិញនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលមាន៦ក្រុមចូលរួមប្រកួត។ ក្រុមកីឡាបាល់ទាត់ទាំងអស់ សុទ្ធសឹងតែជាបុគ្គលិកបម្រើការងារនៅស្នាក់ការកណ្តាល។

លោកអគ្គនាយក ដុស ឌីន បានបញ្ជាក់ថា «ការបង្កើតកម្មវិធីពានរង្វាន់បាល់ទាត់នេះ ក្នុងគោលបំណងឲ្យបុគ្គលិកទាំងអស់ រឹតចំណងមិត្តភាពកាន់តែល្អប្រសើរ មានសុខភាពល្អ សាមគ្គីជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការ ដើម្បីភាពរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ»

លោកអគ្គនាយកបន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចូលរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា នៅក្រោមពាក្យស្លោកថា «កីឡានាំមកនូវសុខភាពល្អ»

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ជិត៣០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត និងមធ្យមនៅទូទាំងប្រទេសមិនថា នៅទីប្រជុំជន ឬជនបទដាច់ស្រយាលឡើយ។

សូមរម្លឹកថា ការប្រកួតដណ្តើមពានរង្វាន់ Leader+ ប្រើរយៈពេល១០ខែ ដោយក្នុងមួយសប្តាហ៍ប្រកួតម្ដង នៅរៀងរាល់ពេលរសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃសៅរ៍។ កាលពីរដូវកាលទី៥ នៃពានរង្វាន់បាល់ទាត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជើងឯកបានទៅលើក្រុម GOLDIE មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង៕