(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយកីឡាករនីហ្សេរីយ៉ា Esoh Omogba អតីតកីឡាករនៃក្លឹបរួមលីគ បឹងកេត ដែលបានក្លាយជាសមាជិកទី២ ក្នុងក្លឹបក្រោន បន្ទាប់ពីការមកដល់របស់កីឡាករកម្ពុជា កុក បូរីស ក្រោមការបង្វឹកបណ្តោះអាសន្នរបស់លោក ស៊ុ វណ្ណា។

កីឡាករស្បែកខ្មៅ Omogba បានចំណាយពេល ៣រដូវកាលលេងឲ្យក្លឹបដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម បឹងកេត និងណាហ្គាវើល មុនផ្លាស់ទ្រនំថ្មីមកចូលរួមជាមួយក្រោន មុនរដូវកាលថ្មីឆ្នាំ២០២០ ចាប់ផ្តើមទាំងពានលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

Omogba បានឲ្យដឹងថា «សួស្តី! ភ្នំពេញក្រោន នេះគឺជា Omogba ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ។

ជាមួយគ្នានេះ ភ្នំពេញក្រោន ក៏មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសនៃការចុះកិច្ចសន្យាកីឡាករចំណូលថ្មីវ័យ២៦ឆ្នាំ Esoh Omogba ក្នុងឆ្នាំ២០១៩ នេះដែរ ហើយរំពឹងថា នឹងធ្វើបានល្អវិញ ក្នុងឆ្នាំ២០២០ ខាងមុខ ដ្បិតក្លឹបមានមូលដ្ឋាននៅទីក្រុងភ្នំពេញមួយនេះ មិនឈ្នះអ្វីសោះកាលពីរដូវកាលមុន៕