(ភ្នំពេញ)៖ តារាសម្ដែង និងតារាម៉ូដែលសម្បុរខ្មៅស្រអែម មុខមាត់ខ្មែរពិតៗ អ្នកនាង សារាយ សក្ខណា ត្រូវបានមហាជនដឹងថា នាងទទូលបានសុភមង្គលយ៉ាងខ្លាំង ក្រោយ រៀបការជាមួយស្វាមី ដែលជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។ កាន់តែពិសេស ក្រោយពីទទួលបានកូនស្រីច្បងជាទីស្រឡាញ់ម្នាក់ហើយនៅ ពេលនេះនាងទទួលបានកូនក្នុងផ្ទៃម្នាក់ទៀតហើយ។ ថ្មីៗនេះ សារាយ សក្ខណា បានធ្វើពិធីទាយភេទកូនតាមប្រពៃណីបែបអឺរ៉ុប ជាលិទ្ធផលឃើញថា កូនទី២របស់នាងមានភេទប្រុស។

ក្នុងពិធីនោះ គេសង្កេតឃើញថាមានបងប្អូនសាច់ញាតិជាច្រើនចូលរួម ប្រកបដោយភាពសប្បាយរីករាយ ដោយក្នុងនោះមានអ្នកខ្លះទាយថាជាកូនប្រុស និងខ្លះថាកូនស្រី។ ជាក់ស្តែង អ្នកនាង សារាយ សក្ខណា ផ្ទាល់បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនថា ចង់បានកូនប្រុស ព្រោះបានកូនស្រីម្នាក់រួចមកហើយ តែជាក់ស្តែងយ៉ាងណា នាងរីករាយនឹងទទួលយកទាំងអស់ មិនថាប្រុសឬស្រីឡើយ។

ជាលិទ្ធផលនៃការទាយភេទ បានបង្ហាញថាកូនទី២របស់ សារាយ សក្ខណា ក្នុងផ្ទៃមានភេទប្រុស ដែលធ្វើឲ្យរូបនាងផ្ទាល់ និងស្វាមី សប្បាយចិត្តជាខ្លាំង ព្រោះសមនឹងអ្វីដែលនាងប្រាថ្នា។ តែយ៉ាងណា វាគ្រាន់តែជាការទាយតែប៉ុណ្ណោះ។ ទោះបែបនេះក្តី មហាជនជូនពរឲ្យសារាយ សក្ខណា និងស្វាមី សមតាមប្រាថ្នា ព្រមទាំងឲ្យម្តាយនិងទារកក្នុងផ្ទៃមានសុខភាពល្អផងដែរ៕