(ម៉ានីល)៖ យោងតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរ និងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីនបានឲ្យដឹងថា កីឡាមួយចំនួនធំ ពិសេសកីឡាក្រៅសាល ដែលត្រូវប្រកួតនៅថ្ងៃទី០៣ ខែធ្នូ ត្រូវបានពន្យារពេលហើយ ក្រោយព្យុះទីហ្វុងឈ្មោះ Kammuri បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ានីល ដោយមានព្យុះភ្លៀងមិនអាចធ្វើការប្រកួតបាន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជាបានឲ្យដឹងមុននេះថា ដូចការជូនដំណឹងរបស់អាជ្ញាធរហ្វីលីពីនពីម្សិលមិញ នៅព្រឹកថ្ងៃអង្គារនេះ ព្យុះទីហ្វុងឈ្មោះ Kammuri បានធ្វើដំណើរមកដល់ទីក្រុងម៉ានីល និងទីក្រុង Clark ដែលជាកន្លែងរៀបចំការប្រកួតកីឡាស៊ីហ្គេមពិតមែន។ ហេតុនេះ គណៈកម្មការរៀបចំប្រភេទកីឡាមួយចំនួន ពិសេសកីឡាលើសមុទ្រ និងកីឡាក្រៅសាល ត្រូវពន្យារពេលប្រកួតទាំងអស់។

ចំពោះកីឡាមួយចំនួនរបស់កម្ពុជាវិញ ដែលត្រូវប្រកួតថ្ងៃនេះ ក៏ត្រូវបានពន្យារពេលប្រកួតដែរ ដូចជាកីឡាប៉េតង់ សីប៉ាក់តាក្រ បាល់ទះឆ្នេរខ្សាច់ និងកីឡាទូកក្ដោងជាដើម ពោលគឺនៅសល់តែកីឡាក្នុងសាលប៉ុណ្ណោះ ដែលអាចបន្ដការប្រកួតធម្មតា។ ចំពោះកីឡាក្នុងសាលរបស់កម្ពុជាត្រូវប្រកួតថ្ងៃនេះ គឺកីឡាគុនល្បុក្កតោ ដែលត្រូវបន្ដបេសកកម្មថ្ងៃទី៣ របស់ខ្លួន ក្នុងការប្រកួតកីឡាប្រពៃណីហ្វីលីពីន Arnis ដោយគ្រោងប្រកួតបីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ លោក វ៉ាត់ ចំរើន បន្ថែម។

ទន្ទឹមជាមួយការជូនដំណឹងរបស់ម្ចាស់ផ្ទះអំពីការគម្រាមកំហែងដោយព្យុះទីហ្វុង Kammuri ខាងលើកាលពីល្ងាចមិញ នាយបេសកកម្មកម្ពុជាលោក វ៉ាត់ ចំរើន ក៏បានអំពាវនាវ និងស្នើឲ្យប្រតិភូ និងអត្តពលិកទាំងអស់ដែលកំពុងបំពេញបេសកកម្មប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរចេញក្រោយ ឬជ្រកក្រោមដើមឈើរផងដែរ ដើម្បីចៀសវាងការរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិមួយនេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែធ្នូនេះ កម្ពុជាមានអត្តពលិកជិត ២០ប្រភេទកីឡាហើយ ដែលស្ថិតនៅប្រទេសហ្វីលីពីន ដើម្បីបំពេញបេសកកម្មប្រកួតកីឡាស៊ីហ្គេម។ ចំពោះលទ្ធផលបណ្ដោះអាសន្នពេលនេះ គឺកម្ពុជារក្សាការដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស១, ប្រាក់៣ និងសំរឹទ្ធ១៣ គ្រាដែលម្ចាស់ផ្ទះហ្វីលីពីន បន្ដឈរកំពូលតារាង ដោយឈ្នះមេដាយមាស៣៨, ប្រាក់២០ និងសំរឹទ្ធ១៣៕