(ភ្នំពេញ)៖ ក្រុមម្ចាស់ផ្ទះកម្ពុជា ១ក្រុមទៀតហើយ បានទទួលកៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ គឺក្រុមនារីកម្ពុជាទី១ ក្រោយយកឈ្នះក្រុមជើងខ្លាំងបារាំង ដែលជាក្រុមជើងឯកឆ្នាំចាស់ ដោយលទ្ធផល ១០-៨ពិន្ទុ លើវិញ្ញាសាវាយជាក្រុម ៣នាក់ទល់នឹង ៣នាក់ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ នៅទីលានប៉េតង់នៃពហុកីឡដ្ឋានជាតិ។

ជាមួយការប្រកួតជុំទី៥ នេះ ក្រុមនារីកម្ពុជាទី១ ដែលមានសមាសភាពកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ វណ្ណា គឺបានយកឈ្នះក្រុមកីឡាការិនីបារាំងយ៉ាងតានតឹងបំផុត បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ ៦-០ពិន្ទុមុន បន្ទាប់មកទើបព្យាយាមវាយបករហូតយកឈ្នះ ១០-៨ពិន្ទុវិញ ក្នុងការប្រកួតម៉ោងបន្ថែម ២សេវាចុងក្រោយ។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមនារីកម្ពុជាទី២ ទទួលបានកៅអីវគ្គ ១/៨ តែម្ដង។

ដោយឡែកការប្រកួតជុំចុងក្រោយរបស់ក្រុមនារីកម្ពុជាទី២ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងកីឡាការិនី បង ចន្ថា គឺបានបន្ដជ័យជម្នះលើកទី៥ លើក្រុមកីឡាការិនីម៉ាឡេស៊ីដោយលទ្ធផល ១០-៩ពិន្ទុ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមនារីកម្ពុជាទី២ បន្ដកំណត់ត្រាឈ្នះ ៥ប្រកួតផ្ទួនៗ មុនបន្ដដំណើរទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយបន្ដទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រៅពីក្រុមនារីកម្ពុជាទី១ និងក្រុននារីកម្ពុជាទី២ ដែលដណ្ដើមបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្រុមម្ចាស់ផ្ទះកម្ពុជា ក៏មានក្រុមយុវជនកម្ពុជាទី២ ឡើងវគ្គ ១៦ក្រុមចុងក្រោយ រួមទាំងកីឡាករ-កីឡាការិនី ២រូប ទទួលបានកៅអីវគ្គ ៨នាក់ចុងក្រោយលើវិញ្ញាសាវាយយកពិន្ទុផងដែរ គឺមានកីឡាករ ឃួន លីហ័រ និងវីរកីឡាការិនី កែ ឡេង៕