(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា គឺកញ្ញា សំណាង អេលីណា បានធ្វើការបង្ហាញឈុត តំណាងជាតិរបស់ខ្លួនមានឈ្មោះថា «ព្រះនាងឥន្ទ្រទេវី» ដើម្បីត្រៀមយកទៅប្រកួត «Miss Universe International 2019» នៅសហរដ្ឋអាមេរិក ខណៈដែលឈុតនេះ រចនាឡើងដោយ «Madam Boutiques»។

យោងតាមគេហទំព័រផ្លូវការ របស់ «Madam Boutiques» បានបង្ហាញឲ្យដឹងថា នៅថ្ងៃនេះបេក្ខនារីតំណាងឲ្យកម្ពុជាកញ្ញា សំណាង អេលីណា បានធ្វើការបង្ហាញឈុតតំណាងជាតិ ជាសាធារណៈ ជូនដល់មហាជនទស្សនា ដើម្បីត្រៀមប្រកួតបវរកញ្ញាចក្រវាលអន្តរជាតិ ក្នុងនោះក៏មានការចូលរួមទស្សនា ពីសំណាក់ក្រុមការងារ និងអ្នកសារព័ត៌មានជាច្រើននាក់។

ក្រៅពីឈុតតំណាងជាតិ ក៏នៅមានឈុតមួយចំនួនទៀតដូចជា ឈុតប៊ីគីនី ឈុតរាត្រីសមោសរ និងការលើកយកសិល្បៈវប្បធម៌ អរីយធម៌ខ្មែរ​ ដើម្បីយកទៅបង្ហាញ នៅលើឆាកអន្តរជាតិ ជាមួយនឹងការតាំងចិត្តដ៏មោះមុត​ថា នឹងនាំយកជយលាភី មកកាន់មាតុប្រទេសវិញ៕