(ភ្នំពេញ)៖ បន្ទាប់ពីជម្លោះដ៏ក្ដៅគគុករវាងលោក អុឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមន៍សិល្បករខ្មែរ និងលោក ហេង ឡុង ដែលជាអ្នកគ្រប់គ្រងទូទៅ នៅក្នុងសមាគមន៍នេះដូចគ្នា រហូតប្រើពាក្យសម្ដីព្រមានប្ដឹងប្ដល់គ្នា ឡើងទៅតុលាការនោះ ស្រាប់តែនៅថ្ងៃនេះ ភាគីទាំងពីរបានសម្រុះសម្រួលគ្នា ដោយមានមេធាវីទាំងសងខាងជាសាក្សី និងបញ្ចប់ជម្លោះ ដោយមិនបន្តប្ដឹងទៅតុលាការនោះឡើយ។ ការបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការនេះ ត្រូវបានគេមើលឃើញថា គឺជាកាយវិការមួយដ៏ល្អ សម្រាប់អ្នកសិល្បៈដទៃទៀតយកគំរូតាម ជៀសវាងពេលមានបញ្ហាម្ដងៗ យកបណ្ដាញសង្គមវាយប្រហារគ្នា ហើយទើបរត់រកប្រព័ន្ធច្បាប់ ដោះស្រាយជាក្រោយ។

យោងតាមគណនីហ្វេសប៊ុក របស់លោក អុឹម ជីវ៉ា ដែលទើបតែបង្ហោះមុននេះ បានឲ្យដឹងថា «ក្រោយពីបានជួបជជែកគ្នារវាងខ្ញុំបាទ មេធាវី និងភាគីលោក ហេង ឡុង ក្នុងស្មារតីជាគ្រួសារអ្នកសិល្បៈ ភាគីទាំងអស់បានសម្រេចបញ្ចប់ ការយល់ច្រឡំគ្នានាពេលកន្លងមក ដោយសន្តិវិធី​»

លោកបញ្ជាក់បន្ថែមថា «ក្នុងន័យនេះ ផងដែរខ្ញុំបាទ សូមធ្វើបំភ្លឺទាក់ទងនឹងការយល់ច្រឡំគ្នានាពេលកន្លងមក ដូចខាងក្រោម៖ ទី១, កាលពីថ្ងៃទី១៥ ខែ១១ ឆ្នាំ២០១៩ ខ្ញុំបាទប្រកាសលាឈប់ពីសមាគមសិល្បៈ ដោយភ្ជាប់ជាមួយការស្នើសុំឲ្យមានបំភ្លឺចំនួន ៩ ចំនុច ទាក់ទងនឹងការងាររបស់សមាគម តាមរយៈគណនីហ្វេសបុករបស់ខ្ញុំបាទ ដែលខ្លឹមសារដែលខ្ញុំបាទបាន Post ធ្វើឲ្យមានការយល់ច្រឡំ ពីសំណាក់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ថាជាការបរិហាកេរ្តិ៍ ការប្រមាថ និងការគំរាមកំហែងហែកកេរ្តិ៍ទៅវិញ ដែលធ្វើឲ្យ​ប៉ះពាល់អារម្មណ៍របស់ពួកគាត់ ដែលជាបុគ្គលស្អាតស្អំ និងខិតខំដើម្បីសិល្បៈនាពេលកន្លងមក។
ទី២ ខ្ញុំបានយល់ច្បាស់ថា សកម្មភាពបណ្តឹងរបស់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា គឺជាសកម្មភាពប្រកបសីលធម៌ ដោយមិនមានចេតនាអាក្រក់ណាមួយ មកលើខ្ញុំឡើយ ផ្ទុយទៅវិញ វាជាសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលត្រូវតែធ្វើយ៉ាងចាំបាច់ការពារភាពស្អាតស្អំ ភាពចាស់ទុំ និងកិត្តិយសរបស់សមាគម ហើយខ្ញុំបាទក៏មិនការអាក់អន់ស្រពន់ចិត្តអ្វី ទាក់ទងនឹងសកម្មភាពរបស់ពួកគាត់ឡើយ ដោយខ្ញុំបាទ បានយល់ច្បាស់ពីសិទ្ធិ របស់ពួកគាត់ក្នុងនាមខ្ញុំបាទ ជាបញ្ញាវ័ន្តម្នាក់ ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រច្បាប់ ផ្ទុយទៅវិញខ្ញុំបាទយល់ឃើញថា វាគឺជាសេក្តីថ្លៃថ្នូរមួយ ដែលអ្នកសិល្បៈ មិនឈ្លោះហែកហួរគ្នាតាមបណ្តាញសង្គមFacebook។
ទី៣ បើទោះបីជាខ្ញុំបានលាឈប់ ពីសមាគមសិល្បៈហើយក្តី ប៉ុន្តែខ្ញុំនៅតែស្រឡាញ់រាប់អានបង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ដោយស្មារតីជាគ្រួសារអ្នកសិល្បៈតែមួយ»

សូមបញ្ជាក់ថា ការប្រកាសជាសាធារណៈបែបនេះរបស់ លោក អុឹម ជីវ៉ា គេ​ក៏សង្កេតឃើញមានការសម្របសម្រួលគ្នា ពីសំណាក់​ភាគីលោក ហេងឡុង និងភាគីមេធាវីទាំងសងខាងផងដែរ ដែលនេះសរបញ្ជាក់ឲ្យឃើញថា សេចក្ដីថ្លៃថ្នូររបស់បុគ្គល មិនថាទាំងអ្នកសិល្បៈ ឬក្រៅសិល្បៈនោះទេ គឺត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នា។ មួយវិញទៀត ទោះបីជាលោក អុឹម ជីវ៉ា បានប្រកាសលាលែងពីតំណែងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសន៍សិល្បករខ្មែរហើយក្ដី ក៏លោកនៅតែស្រឡាញ់រាប់អានគ្នា ជាមួយនឹងលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងនាមជាគ្រួសារអ្នកសិល្បៈដូចគ្នាដដែល៕