(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសត្រៀមបង្កើតកម្មវិធីថ្មីចំនួន២ ដើម្បីជំរុញ និងលើកកម្ពស់សកម្មភាពស្ដ្រីក្នុងកីឡា ទី១-ជំរុញការបង្កើតសហព័ន្ធកីឡា Netball នៅកម្ពុជា និងទី២-ការត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅថ្ងៃទី០៨-មីនា ដើម្បីអបអរទិវានារីអន្ដរជាតិ នាឆ្នាំ២០២០ ខាងមុខ។

ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ស្ដីពីសមភាពស្ដ្រីក្នុងវិស័យកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយគណៈកម្មការស្ដ្រី និងកីឡា នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ស្ដ្រីគឺជាផ្នែកមួយដ៏សំខាន់ក្នុងកីឡា ដែលត្រូវទទួលបានការលើកដំកើង ព្រោះជាក់ស្ដែងក្នុងវិស័យកីឡាកម្ពុជា ស្ដ្រីបាននឹងកំពុងឈានមុខ ក្នុងការដណ្ដើមកិត្តិយសជូនជាតិ ដូចជាការដណ្ដើមមេដាយស៊ីហ្គេម អាស៊ីហ្គេម និងមេដាយមាសកម្រិតពិភពលោកផងដែរ។ ប៉ុន្ដែជាក់ស្ដែងចំនួនស្ដ្រីលេងកីឡាហាក់នៅមានកម្រិត ហេតុនេះលោកបានជំរុញឲ្យមានការចូលរួម និងលើកដំកើងស្ដ្រីបន្ថែមទៀត។

ដោយហេតុនេះ ដើម្បីបំផុសចលនាស្ដ្រីក្នុងកីឡាឲ្យកាន់តែផុសផុល លោកបានបញ្ជាក់ថា NOCC ក៏ដូចជាគណៈកម្មការស្ដ្រី និងកីឡា បាននឹងកំពុងរៀបចំឯកសារមួយចំនួន ដើម្បីបង្កើតសហព័ន្ធកីឡា Netball ហើយកៀងគរស្ដ្រីចូលរួមលេងកីឡានេះឲ្យបានកាន់តែច្រើន ព្រោះប្រភេទកីឡាស្រដៀងនឹងកីឡាបាល់បោះ តែមិនត្រូវការហេដ្ឋារចនាសម្ព័ន្ធច្រើន ហើយសាកសមជាមួយនឹងស្ដ្រីកម្ពុជាអាចលេងបាន។

លើសពីនេះ NOCC ក៏បាននឹងកំពុងធ្វើការងារជាមួយវិស័យឯកជន ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅថ្ងៃទី០៨-មីនា ត្រូវនឹងថ្ងៃទិវានារីអន្ដរជាតិ ដើម្បីផ្ដល់ឱកាសឲ្យស្ដ្រីចូលរួមលេងកីឡាផងដែរ។ លោករំពឹងថា កម្មវិធីថ្មីទាំងពីរនេះ នឹងក្លាយជាផ្នែកមួយជំរុញឲ្យមានការចូលរួមពីស្ដ្រី ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិតែមួយ ដើម្បីសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ក្រឡេកមកចាប់អារម្មណ៍សិក្ខាសាលាខាងលើវិញ គឺគ្រោងធ្វើឡើងរយៈពេល ១ថ្ងៃពេញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាមចូលរួមសរុប ១៧០នាក់ ហើយមានការចូលរួមធ្វើបទបង្ហាញពីលោកស្រីសាស្ដ្រាចារ្យ Suphit Samahito ប្រធានគណៈកម្មការស្ដ្រី និងកីឡា នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី, លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្រ្ដី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងវាគ្មិនជាស្ដ្រី ដែលមានតួនាទីសំខាន់ៗក្នុងវិស័យកីឡាជាច្រើនរូបទៀត៕