(ភ្នំពេញ)៖ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ នៅកម្ពុជា បានចូលដល់ការប្រកួតថ្ងៃទី៣ ហើយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ស្របពេលក្រុមម្ចាស់ផ្ទះ ២ក្រុម រួមមានក្រុមយុវជនកម្ពុជាទី២ និងក្រុមនារីកម្ពុជាទី២ បានឡើងវគ្គ ១៦ក្រុមចុងក្រោយ (១/៨) បន្ទាប់ពីដណ្ដើមបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជុំទី៤ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សម្រាប់ក្រុមយុវជនកម្ពុជាទី២ រួមមានកីឡាករ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ គឺបានបន្ដយកឈ្នះក្រុមយុវជនប្រទេសឡាវ ដោយលទ្ធផល ៩-៨ពិន្ទុ។ នេះគឺជាជ័យជម្នះលើកទី៤ របស់ពួកគេ ដែលនាំឲ្យក្រុមយុវជនកម្ពុជាទី២ ទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ទោះបីនៅសល់ការប្រកួតក្នុងដៃ ១ប្រកួតទៀតក៏ដោយ។

ចំណែកក្រុមនារីកម្ពុជាទី២ វិញ បានបន្ដយកឈ្នះលើក្រុមកីឡាការិនីអេស្ប៉ាញ ដោយលទ្ធផល ១៣-៣ពិន្ទុ នៅព្រឹកថ្ងៃជាមួយគ្នានេះ ហើយក៏ជាជ័យជម្នះលើកទី៤ ផងដែរ ដើម្បីឈរកំពូលតារាង និងកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ។ ចំពោះសមាសភាពក្រុមនារីកម្ពុជាទី២ គឺមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងកីឡាការិនី បង ចន្ថា។

ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយ គឺក្រុមនារីកម្ពុជាទី១ ដែលមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា ដោយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពួកគេធ្វើមិនសូវបានល្អនោះទេ ក្រោយបរាជ័យក្រោមថ្វីដៃក្រុមកីឡាការិនីថៃ ១២-៧ពិន្ទុ។ តែយ៉ាងណាក្រុមនារីកម្ពុជាទី១ ក៏មិនទាន់អស់ឱកាសប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយដែរ ពោលគឺរង់ចាំអ៊ុតលទ្ធផលការប្រកួតជុំទី៥ នារសៀលនេះសិន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រៅពីក្រុមយុវជកម្ពុជាទី២ និងក្រុមនារីកម្ពុជាទី២ ដែលដណ្ដើមបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្រុមម្ចាស់ផ្ទះកម្ពុជាក៏មានកីឡាករ-កីឡាការិនី ២រូបទៀត ទទួលបានកៅអីវគ្គ ៨នាក់ចុងក្រោយលើវិញ្ញាសាវាយយកពិន្ទុផងដែរ គឺមានកីឡាករ ឃួន លីហ័រ និងកីឡាការិនី កែ ឡេង ហើយការប្រកួតវគ្គបន្ដ នឹងធ្វើឡើងនាថ្ងៃទី២២ ខែវិច្ឆិកាស្អែក ដើម្បីស្វែងរកម្ចាស់មេដាយតែម្ដង៕