(ភ្នំពេញ)៖ ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា មាស សុខសោភា បានបញ្ចេញនូវចម្រៀងមួយបទ ជាភាសាអង់គ្លេស ចំណងជើងថា «Side by Side» ដោយទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកគាំទ្រក្នុងបណ្តាញសង្គម។ បទចម្រៀងនេះ ពិតជាពិរោះ និងប្លែកមែនទែន ព្រោះវាជាការបកស្រាយរួមគ្នា ពីសំណាក់តារាមកពី១១ប្រទេស ក្នុងនោះក៏មានមាស សុខសោភា ដែលជាតារារបស់កម្ពុជាមួយរូបដែរ។

ពិតណាស់ ចម្រៀងដែលច្រៀងរួមគ្នាពីសំណាក់តារាមកពី១១ប្រទេស «Side by Side» ត្រូវបានគេដឹងថា សម្រាប់ត្រៀមក្នុងការប្រគំតន្រ្តីដ៏អស្ចារ្យមួយ មានឈ្មោះថា «ASEAN-ROK Commemorative Summit 2019» ធ្វើនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខនេះ។ ដែលនេះ គឺជាពេលវេលាដ៏ល្អមួយទៀតហើយ ដែលតារាកម្ពុជានាំយកទង់ជាតិរបស់ខ្លួន ទៅបង្ហាញលើឆាកអន្តរជាតិ។

ចម្រៀងមួយបទនេះ បានឆ្លុះបញ្ចាំងពីការសហការ រួបរួមគ្នា និងបង្ហាញពីតំបន់ខ្លះៗនៅក្នុងប្រទេសទាំង១១ ដែលមានតារា​ចម្រៀង​ទាំង​១១នាក់ ជាតំណាង​ឱ្យប្រទេស​នីមួយៗក្នុងនោះមានដូចជា៖ ប្រទេសកម្ពុជា (មាស សុខសោភា), ព្រុយនេ (Jaz), ឥណ្ឌូ​នេស៊ី (Cinta Laura Kiehl), កូរ៉េខាងត្បូង (Sandeul, Laboum, Killagramz), ឡាវ (Black Eyes), ម៉ាឡេស៊ី (Alvin Chong), មីយ៉ាន់ម៉ា (Wyne Lay), ហ្វីលីពីន (Darren Espanto), សិង្ហបុរី (Kelly Pan), ថៃ (Indigo) និងប្រទេសរៀតណាម (Vu Cat Tuong)៕