(អាយរេស)៖ លោក Diego Maradona បានលាលែងពីតំណែងអ្នកចាត់ការទូទៅនៃក្លឹប Gimnasia ក្រោយដឹកនាំក្លឹបលេងនៅលីគកំពូលអាហ្សង់ទីនមួយនេះមិនទាន់បាន ៣ខែស្រួលបូលផងនោះ។

អតីតកីឡាករនិម្មិតរូប វ័យ ៥៩ឆ្នាំរបស់អាហ្សង់ទីនខាងលើនេះ បានចុះចេញពីតំណែងភ្លាមៗ ក្រោយពេលដឹកនាំប្រកួតឈ្នះតែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតដែលបានជួយឲ្យ Gimnasia ឡើងមកកាន់លេខ២២ ពីបាតតារាងផងដែរ ហើយក៏ជាលើកទី១ របស់លោក Maradona ផងដែរដែលបានដឹកនាំក្លឹបអាជីពក្នុងស្រុក គិតចាប់តាំងពីបានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ មក។

Gimnasia ជាក្លឹបអាជីពទី៦ ដែល Diego Maradona បានដឹកនាំ ក្នុងអាជីពជាអ្នកចាត់ការដែលត្រូវបានតែងតាំងក្នុងខែកញ្ញារហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពេលរូបលោកលាឈប់ដឹកនាំក្លឹប Dorados លីគទី២ របស់មិចសិចកាលខែមិថុនា ឆ្នាំ២០១៩ ដោយសារតែបញ្ហាសុខភាព។

សូមរំលឹកផងថា Diego Maradona ធ្លាប់ជួយអាហ្សង់ទីន ឈ្នះជើងឯក World Cup 1986 គ្រាដែល Lionel Messi បច្ចុប្បន្នមិនទាន់ជួយអាហ្សង់ទីនឈ្នះ World Cup ម្តងណានៅឡើយទេ៕