(ភ្នំពេញ)៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជា(ក្រុមទី២) បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្រោយវាយបកឈ្នះក្រុមកីឡាការិនីម៉ាដាហ្គាស្កា ដោយលទ្ធផល ១៣-១២ពិន្ទុ ក្នុងការប្រកួតជើងឯកប៉េតង់ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ នារសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ ហើយដំណាលគ្នា ក្រុមកីឡាការិនីកម្ពុជា ១ក្រុមទៀត(ក្រុមទី១) ដែលមានការចូលរួមពីវីរកីឡាការិនី កែ ឡេង ក៏បានយកឈះក្រុមកីឡាការិនីមីយ៉ាន់ម៉ា ១៣-៤ពិន្ទុផងដែរ។

សម្រាប់ការប្រកួតរបស់ក្រុមទី២ នៃក្រុមកីឡាការិនីកម្ពុជា ពួកគេបានព្យាយាម រហូតបង្កើតរឿងស្ទើនមិនគួរឲ្យនឹកស្មាន បន្ទាប់ពីក្រុមម៉ាដាហ្គាស្កា បាននាំមុខកម្ពុជា ១០-០ពិន្ទុមុន តែក្រុមកីឡាការិនីកម្ពុជា នៅតែខំប្រឹង រហូតដណ្ដើមបានជ័យជម្នះវិញ ១៣-១២ពិន្ទុ ។ ជាមួយការដណ្ដើមបានជ័យជម្នះដ៏អស្ចារ្យ ដើម្បីបន្ដដំនើរទៅជុំទី៣ នេះ ក្រុមទី២ របស់កម្ពុជា គឺមានសមាសភាពកីឡាការិនី ៤រូប រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងកីឡាការិនី បង ចន្ថា។

ដោយឡែកក្រុមទី១ របស់កម្ពុជា ដែលប្រជុំដោយកីឡាការិនីជើងខ្លាំង ក៏ដណ្ដើមបានកៅអីជុំទី៣ ផងដែរ បន្ទាប់ពីផ្ដួលក្រុមកីឡាការិនីមីយ៉ាន់ម៉ា ដោយលទ្ធផល ១៣-៤ពិន្ទុ មុននេះ នៅពហុកីឡដ្ឋានជាតិ។ ចំពោះសមាសភាពក្រុមទី១ របស់កម្ពុជានេះ គឺមានម្ចាស់មេដាយមាស ៣ជំនាន់ កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា។ ប៉ុន្ដែយ៉ាងណាការប្រកួត ក្រុមកីឡាការិនីកម្ពុជា ត្រូវឆ្លងកាត់ការប្រកួតជាច្រើនវគ្គទៀត ដើម្បីឆ្ពោះទៅប្រជែងមេដាយជូនជាតិ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ គឺគ្រោងឡើង ៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានក្រុមកីឡាករ-កីឡាការិនីមកពី ៤៩ប្រទេសចូលរួមប្រកួត។ សម្រាប់ការប្រកួតផ្នែកយុវជន គឺមាន ៣០ក្រុមចូលរួម ខណៈផ្នែកស្ដ្រី គឺមាន ៥០ក្រុមចូលរួម៕