(ភ្នំពេញ)៖ ស្រីស្រស់ វង្ស ម៉ាលីន ក្រោយពីក្លាយជាម្ចាស់ជយលាភីប្រឡងចម្រៀង ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរ ជាសាកលលើកទី៥ ប្រចាំ​ឆ្នាំ​២០១៩ កាន់តែធ្វើឲ្យទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ទៅលើទឹកដមសំឡេង​ ខណៈថ្មីៗនេះ រូបនាងបានច្រៀង​ Cover លើបទចម្រៀងដែលជាបទមរតកដើម ចំនួន៣បទ ពិតជាពីរោះក្រអួនក្រអៅ ស្រទន់គួរឲ្យចង់ស្ដាប់បំផុត និងកំពុងផ្ទុះការចាប់អារម្មណ៍ជាថ្មី ពីសំណាក់ទស្សនិកជន​។

ជាការពិត ថ្មីៗនេះ ម្ចាស់ជយលាភីមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល វង្ស ម៉ាលីន បានលើកយកនូវបទចម្រៀង ដែលជាបទមរតកដើម ចំនួន៣បទ មកច្រៀង cover ឡើងវិញ ពិតជាមានទឹកដមសំនៀង ពីរោះក្រអួនក្រអៅ ពោរពេញដោយមនោសញ្ចេតនា លន្លង់​លន្លោច ស្ដាប់ហើយមិនចេះជិនណាយ ក្រោមការប្រគំ និង​រៀបចំ​ដោយ​ក្រុមការងារ ជួបគ្នាម្ដងទៀត ដែលជាក្រុមអ្នកស្រឡាញ់ អភិរក្សចម្រៀងមរតកដើមខ្មែរ និងតែងតែចែករំលែក ផ្សព្វ​ផ្សាយ​ជូន​ឲ្យបងប្អូនខ្មែរ​បានស្ដាប់​កម្សាន្ត​ជារឿយៗ​ ផងដែរ។

បទចម្រៀងទាំងនោះមានដូចជា «រលកកំពង់​សោម», «ក្បត់ហើយក្បត់ទៀត»​ និងបទ «ប្រុសកំពូលស្នេហ៍» ដែលជាសំនៀងដើមរបស់​រាជិនី​សំឡេងមាស​តែមួយគត់ ប្រចាំប្រទេស​កម្ពុជាកាល​ពីជំនាន់​ដើម គឺលោកយាយ រស់ សេរីសុទ្ធា។ ដោយឡែកសម្រាប់ការលើកយកមកបកស្រាយ ជាចម្រៀង Cover ឡើងវិញ ពិតជាធ្វើឲ្យមហាជន ពេញចិត្ត​ ដែលនេះគឺជាការបង្ហាញឡើងវិញ នូវបទចម្រៀងដែលជាមរតកដើម ដែលស្ទើរតែកប់បានទៅហើយ។

តោះចង់ដឹងថា ពីរោះយ៉ាងនោះ សូមប្រិយមិត្តទស្សនិកជន រីករាយសំណ្ដាប់ដូចតទៅ៖