(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់ កំពុងមានប្រជាប្រិយភាព កញ្ញា យ៉ែម ស្រីពេជ្រ ត្រូវបានទស្សនិកជន ចាប់អារម្មណ៍តាមរយៈភាពកាចឆ្នាស់ នៅក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» របស់ផលិតកម្ម LD។ យ៉ាងណាមិញ ការចាប់អារម្មណ៍របស់ទស្សនិកជន ក្នុងរឿងមួយនេះ ធ្វើឲ្យស្រីស្អាត យ៉ែម ស្រីពេជ្រ សប្បាយចិត្ត ប៉ុន្តែបើសិនជាទស្សនិកជនមិនស្អប់នាងនោះទេ និងធ្វើឲ្យនាងមានអារម្មណ៍ថា អន់ចិត្តវិញ ព្រោះនៅក្នុងរឿងនេះ គឺនាងសម្ដែងជាតួកាចខ្លាំងមែនទែន ដល់ថ្នាក់ប្រើអំពើហឹង្សាទៅលើកូនចុង ឲ្យមានរបួសស្នាមពេញខ្លួន​ បើមិនធ្វើឲ្យទស្សនិកជនស្អប់ ទើបជារឿងមួយដែលធ្វើឲ្យនាងមិនសប្បាយចិត្ត និងអន់ចិត្ត។ ​

ថ្លែងក្នុងកម្មវិធី បើកសម្ពោធជាផ្លូវការ នៃខ្សែភាពយន្តខ្នាតធំ រឿង «នាឡិកាដាស់វិញ្ញាណ» របស់ផលិតកម្ម LD ស្រីស្អាត យ៉ែម ស្រីពេជ្រ ​បាននិយាយថា នៅក្នុងរឿងខ្នាតធំមួយនេះ នាងត្រូវសម្ដែងជាអង្គមួយឈ្មោះ ម៉ូនីកា ដែលមានអត្តចរិកកាចឆ្នាស់ ខុសពីរឿងផ្សេងៗដែលនាងធ្លាប់មាន បទពិសោធន៍សម្ដែង។ ​ភាពកាចឆ្នាស់នៅក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» នេះជារសជាតិថ្មីមួយបែបទៀត សម្រាប់នាង ខណៈដែលបទពិសោធន៍សម្ដែងភាពយន្តរាល់ដង គឺនាងឆ្នាស់ត្រឹមតែពាក្យសំដីប៉ុណ្ណោះ។ ដោយឡែកសម្រាប់រឿងមួយនេះ គឺនាងមិនត្រឹមតែឆ្នាស់លើពាក្យសំដីនោះទេ ថែមទាំងត្រូវវាយក្មេង ដែលត្រូវជាកូនដើម ឲ្យមានរបួសស្នាមពិតៗថែមទៀត ពោលគឺនាង ដើរតួម្ដាយចុងម្នាក់ ដែលមានចរិតកាចឆ្នាស់ឆ្នើម គ្មានប្រណីដល់កូនដើមនោះទេ គឺនាងវាយធ្វើបាបកូនដើម ឲ្យរងទុក្ខវេទនា និងមានរបួសស្នាម ​គ្មានលស់ថ្ងៃ។ ​ដូច្នេះហើយ ធ្វើឲ្យទស្សនិកជនដែលបានទស្សនា ពិតជាមានអារម្មណ៍ថា ស្អប់នាងតែម្ដង។

ជាមួយគ្នានេះ យ៉ែម ស្រីពេជ្រ បានលើកឡើងថា ក្រោយពេលដែលអ្នកទស្សនារឿងនេះហើយ ប្រែអារម្មណ៍ទៅជាស្អប់នាង នោះគឺធ្វើឲ្យនាងសប្បាយចិត្តខ្លាំង នៅពេលអ្នកទស្សនាចូលអារម្មណ៍ខ្លាំង ដល់ថ្នាក់ស្អប់នាងក្នុងសាច់រឿងមួយនេះ។ នៅពេលណា អ្នកទស្សនាស្អប់នាងខ្លាំង ដល់ថ្នាក់ជេរ ក្នាញ់ ឃើញមុខចង់វាយ ចង់ទះនាង នោះមានន័យថា នាងជោគជ័យហើយ ទៅលើសាច់រឿងដែលនាងបានចូលរួមសម្ដែង​។ ដោយឡែក បើសិនជាអ្នកទស្សនាហើយ បែរជាអត់ខ្វល់ និងថាតួសម្ដែងមានចរិតដដែលៗ នាងច្បាស់ជាមានអារម្មណ៍ថា អន់ចិត្តយ៉ាងខ្លាំង ព្រោះអ្វីដែលនាងចង់បាន គឺការចាប់អារម្មណ៍ពីទស្សនិកជន បើកាចគឺកាចឲ្យគេស្អប់ បើកំសត់គឺត្រូវតែកំសត់ឲ្យគេអាណិត។

ស្រីស្អាតរូបនេះ ក៏បានថ្លែងពីមោទនភាព និងមានអារម្មណ៍សប្បាយរីករាយខ្លាំង ដែលរូបនាងមានឱកាស បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តមួយនេះ។​ «រឿងនាឡិកាដាស់វិញ្ញាណ» គឺជាសាច់រឿងដ៏ល្អមួយ ក្នុងចំណោមរឿងក្នុងប្រទេសកម្ពុជា ដែលអាចបើកឱកាសឲ្យសិល្បករ សិល្បការនី កម្ពុជាបានបង្ហាញសមត្ថភាព នៅក្រៅប្រទេសផងដែរ ព្រោះថារឿងខ្នាតធំមួយនេះ នឹងត្រូវលើកយកទៅ​បញ្ចាំង នៅរោងភាពយន្ត នៃបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេស ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូ​រី និងប្រ៊ុយណេ ជាដើម ហើយក៏មានបណ្តាប្រទេស​មួយចំនួនទៀត បាននឹងកំពុងស្ថិតក្នុងការចរចាគ្នា នៅឡើយ។

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ក្រៅពីជាភាពយន្តបែបរន្ធត់ និងកម្សត់ ក៏មានបង្កប់ដោយអត្ថន័យអប់រំ ស៊ីជម្រៅ ជុំវិញសេចក្តីសុខសុភមង្គល នៅក្នុងក្រុមគ្រួសារ​។ រឿង «នាឡិកាដាស់វិញ្ញា» ត្រៀមចាក់បញ្ចាំង នៅគ្រប់រោងភាពយន្តនៅកម្ពុជា ចាប់ពីថ្ងៃទី២១ខែវិច្ឆិកានេះតទៅ៕