(ភ្នំពេញ)៖ កម្មវិធីប្រគំតន្ត្រីសប្បុរធម៌ ដែលរៀបចំឡើងដោយនិសិ្សតនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ សាលាតិចណូ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះជាលើកទី៧ហើយ។ កាន់តែពិសេស កម្មវិធីនេះគឺមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានទាំងពិធីករ-ពិធីការិនី កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ផងដែរ។

ពិតណាស់ កម្មវិធីប្រគំតន្ត្រីសប្បុរធម៌លើកទី៧ ក្នុងឆ្នាំ២០១៩នេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ខាងមុខនេះ។ ក្រៅពីបង្កើតនូវបរិយាកាសសប្បាយរីករាយ កម្មវិធីនេះ គឺធ្វើឡើងក្រោមគោលបំណង ដើម្បីរៃអង្គាសថវិកា ជួយដល់និស្សិតសាលាតិចណូ និងកុមារដែលកំពុងខ្វះខាត ក្នុងការសិក្សានៅតាមតំបន់ដាច់ស្រយាលនិង សាងសង់អាគារសិក្សាថ្មីមួយខ្នងដល់សាលាបឋមសិក្សាអូរក្រញូង ដែលស្ថិតនៅ ភូមិអូរក្រញូង ស្រុក សន្ទុក ខេត្តកំពង់ធំ។

គួរជម្រាបថា កម្មវិធីនេះមានការចូលរួមពីសំណាក់តារាល្បីៗដូចជា៖ អ្នកនាង ម៉េង កែវពេជ្ជតា, អ្នកនាង ពេជ្រ សោភា, លោក ឆន សុវណ្ណរាជ, លោក ហ្សូណូ, អ្នកនាង សុគន្ធ និសា, កញ្ញា សុខស៊ី ឡាលីន, លោក អ៉ីណូ, ព្រះនាងតូច នរោត្តម ជេណា, លោក ម៉ឺន ឯងសុភារិទ្ធ និងកញ្ញា ចាន់ នីកា ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។ កាន់តែពិសេស គឺមានការសម្តែងជូននូវទម្រង់របាំបុរាណខ្មែរទៀតផង បន្ថែមពីនេះ ក៏មានការលេងហ្គេមកម្សាន្តយករង្វាន់ផងដែរ។

កុំភ្លេចចូលរួមទាំងអស់គ្នាក្នុង «ព្រឹត្តិការណ៍ពិព័រណ៍ និងតន្ត្រីសប្បុរសធម៌លើកទី៧» ដើម្បីជួយដល់កុមារក្នុងសង្គមយើង ថែមទាំងមានភាពសប្បាយរីករាយជាមួយយុវជន យុវតីខ្មែរជំនាន់ថ្មី។ ជួបគ្នានៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕