(ភ្នំពេញ)៖ លោក កែវ សុខង៉ន អតីតកីឡាករខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា បានទទួលស្គាល់ថា តួនាទីថ្មីថ្មោងជា «អ្នកចាត់ការទូទៅ» មិនងាយស្រួលប៉ុន្មានឡើយ ជាពិសេសលើការគ្រប់គ្រងកូនក្រុម និងពេលប៉ះក្រុមធំៗតែម្តង។

តួនាទីនេះមានការរងសម្ពាធក្នុងការប្រកួតធំៗ បូករួមពីមជ្ឈដ្ឋាននានា និងកត្តាផ្សេងៗទៀតក្នុងក្រុម គឺជាបទពិសោធន៍ដែលលោក កែវ សុខង៉ន ទទួលបានពីការងារជាអ្នកចាត់ការក្រុមរបស់ភ្នំពេញក្រោន (Team Manager) ក្នុងរដូវកាលដំបូងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

គួរដឹងដែរថា អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាមានប្រភពពីខេត្តក្រចេះបានចាត់ទុកការងារថ្មីនេះជាបទពិសោធន៍យ៉ាងល្អ ដើម្បីអភិវឌ្ឍខ្លួន និងឈានទៅបំពេញការងារឲ្យកាន់តែល្អថែមទៀតនៅរដូវកាលក្រោយៗ។

បងប្រុសកីឡាករ កែវ សុខផេង បានពន្យល់បន្ថែមទៀតថា «ក្នុងនាមជាអ្នកចាត់ការក្រុមធំ និយាយទៅមួយរដូវកាលដំបូង យើងជួបការលំបាកច្រើន ដូចជាសម្ពាធការប្រកួតធំៗ និងគ្រប់មជ្ឈដ្ឋាន។ ដូចថ្មីថ្មោងពេក ទោះបីធ្លាប់ជាកីឡាករជើងចាស់ តែមិនងាយស្រួលដូចកាលយើងនៅជាកីឡាករទេ។ ឧទាហរណ៍កីឡាករមួយចំនួនពេលយើងគិតថា គាត់លេងបាន ១០០ភាគរយ តែទៅជាមានរបួស ទៅជាមានបញ្ហាមុនពេលប៉ះក្រុមធំៗ។ យ៉ាងណាវាមិនខុសគ្នាឆ្ងាយពេកទេ ព្រោះធ្លាប់ធ្វើប្រធានក្រុមដែរ។ អ្វីដែលពិបាកបំផុតគឺការជ្រើសរើសកីឡាករទាំងក្នុងស្រុក និងបរទេស គឺត្រូវធ្វើម៉េចដាក់ឲ្យចំតំណែងដែលគាត់លេង»

សូមរំលឹកផងថា កែវ សុខង៉ន ធ្លាប់លេងឲ្យក្លឹបបឹងកេត និងនៅថៃផងនោះ មុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករនៅដំណាច់រដូវកាលឆ្នាំ២០១៧ ហើយត្រូវបានក្លឹបភ្នំពេញក្រោន មានមូលដ្ឋាននៅរាជធានីភ្នំពេញ តែងតាំងជាអ្នកចាត់ការក្រុមនៅឆ្នាំ២០១៩៕