(ភ្នំពេញ)៖ ការយាងសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានធ្វើឲ្យប្រជាជនខ្មែរ ជាពិសេសគឺសិល្បករ-សិល្បការិនីខ្មែរ ផ្នែករបាំបុរាណមានការសោកស្តាយជាពន់ពេក ព្រោះទ្រង់មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាថវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក។ ដោយឡែកងាកមកតារាភាពយន្តដ៏ល្បី Angelina Jolie មិនសុខពីសិល្បករខ្មែរឡើយ ដោយនាងបានចូលរួមរំលែកទុក្ខ ចំពោះការយាងសោយទិវង្គតរបស់សម្តេច ព្រះរៀម នរោត្តម បុប្ផាទេវី ជាមួយការការភ្ជាប់នូវរូបភាពអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានមួយសន្លឹក។

តារាហូលីវ៉ូត Angelina Jolie បានបង្ហោះរូបអនុស្សាវរីយ៍ដែលបានផ្តិតជាមួយសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងនារីរបាំផ្សេងទៀត កាលដែលខ្លួនមកប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយនឹងសារជាភាសាអង់គ្លេស និងបកជាភាសាខ្មែរថា «ការ​ចង់ចាំ​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​បំភ្លេច​ចោល​ឡើយ​។ សូម​ចូល​រួម​ព្រះរាជមរណទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ ដល់​សម្តេចព្រះរាជបុត្រីជាបុប្ផាទេវីជាទីស្រឡាញ់»

សូមជម្រាបថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសោយទិវង្គត កាលពីថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២៖៣០នាទី ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕