(ភ្នំពេញ)៖​ បន្ទាប់ពីអ្នកគាំទ្ររងចាំទស្សនា MV បទ «ប្រពន្ធបងមិនល្អមែនទេ» របស់កំពូលតារាចម្រៀងប្រុសស្រីពីរដួង គឺ ពេជ្រ សោភា​ និង ខេមរៈ សិរីមន្ត ជាច្រើនខែរួចមក ពេលនេះត្រូវបានបញ្ចេញជាផ្លូវការហើយ។ អ្នកតាមដាន សិល្បៈសង្កេតឃើញថា MV ចម្រៀងនេះចេញទើបតែបានមួយថ្ងៃសោះ ស្រាប់តែទទួលបានការគាំទ្រ និងចូលទស្សនាយ៉ាងច្រើនពីទស្សនិកជនក្នុងបណ្តាញសង្គម។

MV បទ «ប្រពន្ធបងមិនល្អមែនទេ» ត្រូវបានគេដឹងថាចំណងដៃថ្មីបំផុតរបស់តារាចម្រៀង ពេជ្រ សោភា និង ខេមរៈ សិរីមន្ត ច្រៀងរួមគ្នា សម្រាប់ឆ្នាំ២០១៩នេះ។ បទនេះជាស្នាដៃនិពន្ធបទភ្លេងដោយ ពេជ្រ សោភា ផ្ទាល់ និងមានការចូលរួមសម្ដែងរួមគ្នាជាលើកដំបូងរវាង ពេជ្រ សោភា និង​លោក ខេមរៈ សេរីមន្ត ព្រមទាំងកញ្ញា រចនា រ៉ាវឌី ដែលដើរតួជាស្រីដណ្ដើមប្ដីគេ។ ការសម្តែងរបស់តារាប្រុសស្រីក្នុង MV នេះ ត្រូវបានគេមើលឃើញថា ពិតជាបានចាប់ដៃគ្នាបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត ដោយដាក់មនោសញ្ចេតនា​ក្នុង​ការ​សម្ដែង​បានយ៉ាងល្អ។

ជាពិសេស គឺអត្ថន័យនៅក្នុងចម្រៀង «ប្រពន្ធបងមិនល្អមែនទេ» បានឆ្លុះបញ្ចាំងពីរឿងរ៉ាវមួយចំនួន ដែលបានកើតឡើងក្នុងសង្គមបច្ចុប្បន្ន។ ជាក់ស្តែង ដូចក្នុង MV ចម្រៀងនេះ កញ្ញា រចនា រ៉ាវឌី បានសម្តែងជានារីម្នាក់ ដែលចូលមកបំបែកបំបាក់សុភមង្គលក្នុងក្រុមគ្រួសាររបស់ ពេជ្រ សោភា និងខេមរៈ សិរីមន្ត ខណៈការសម្តែងរបស់តួអង្គម្នាក់ៗ គឺមិនចាញ់តារាសម្តែងអាជីពឡើយ។

ចង់ដឹង MV ចម្រៀងនេះពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖