(ហុងកុង)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានសម្ដែងការសោកស្ដាយ ចំពោះការបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ២-០ កាលពីយប់មិញ តែលោកមិនបានបន្ទោសកូនក្រុមឡើយ ផ្ទុយទៅវិញ លោកបានបង្ហាញការពេញចិត្ត ចំពោះទម្រង់លេងរបស់ពួកគេថែមទៀតផង។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា «ថ្វីដ្បិតក្រុមយើងមិនអាចទទួលបានលទ្ធផល ដែលយើងចង់បាន តែខ្ញុំពេញចិត្តនឹងរបៀបលេងរបស់កីឡាករ ដែលព្យាយាមលេងតាមទម្រង់ និងព្យាយាមគ្រប់គ្រងបាល់។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលការខិតខំរបស់កីឡាករយើង មិនអាចទទួលបានលទ្ធផលដែលពួកគេសមទទួលបាន ព្រោះការប្រឹងប្រែងរបស់ពួកគេ»

នេះគឺជាការបង្ហាញនូវអារម្មណ៍ពិតរបស់គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បន្ទាប់ពីបន្ដរបូត ៣ពិន្ទុ ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ពូល C កាលពីយប់មិញ។

បច្ចុប្បន្នកម្ពុជា បានបន្ដឈរបាតតារាង និងរកបានតែ ១ពិន្ទុប៉ុណ្ណោះ។ ចំណែកកៅអីកំពូលតារាង នៅតែគ្រប់គ្រងដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដែលរកបាន ១១ពិន្ទុ ក្រោយបន្ដប្រកួតស្មើក្រុមបារ៉ែន ០-០ កាលពីយប់មិញដែរ៕