(ក្រុងឡុងដ៍)៖ លោក Jose Mourinho បានធ្វើដំណើរទៅកាន់ទីក្រុង London ប្រទេសអង់គ្លេស ដើម្បីជំនួសកៅអីគ្រូបង្វឹក Mauricio Pochettino ដែលត្រូវបានបណ្តេញពីតំណែងកាលពីដើមសប្តាហ៍នេះ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Mourinho បានទំនេរអត់ការងារធ្វើ គិតចាប់តាំងពីក្លឹប Manchester United កាលពីខែធ្នូ ឆ្នាំ២០១៨។

អតីតគ្រូបង្វឹកនៃក្លឹប Chelsea, Porto, Real Madrid និង Inter Milan បានបដិសេធក្នុងការដឹកនាំក្លឹបជាច្រើននៅប្រទេសចិន អេស្ប៉ាញ និងក្លឹបស្ថិតក្នុងស្រុកកំណើតរបស់លោក ព័រទុយហ្គាល់ គិតចាប់តាំងពីអស់ការងារធ្វើពីក្នុងក្លឹប បិសាចក្រហម Manchester United នាឆ្នាំ២០១៨ មក ហើយមកទល់នឹងពេលនេះ ក៏ពុំទាន់កិច្ចព្រមព្រៀងណាមួយ កើតឡើងនៅឡើយដែររវាងលោក និងក្លឹបដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ Tottenham តែ Mourinho នឹងបង្ហាញខ្លួនក្នុងសន្និសីទនាថ្ងៃព្រហស្បតិ៍ស្អែកនេះ ប្រសិនបើការចរចាត្រូវរ៉ូវគ្នានោះ។

គួររំលឹកផងដែរថា បុរសវ័យ ៤៧ឆ្នាំ ជនជាតិអាហ្សង់ទី Mauricio Pochettino ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្នុងក្លឹប មាន់ខ្នាយមាស Tottenham Hotspur កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយចំណាយពេលដឹកនាំ ៥ឆ្នាំ ជាមួយនឹងការនាំ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League តែស្តាយចាញ់ក្រុមអង់គ្លេសដូចគ្នា ហង្សក្រហម Liverpool ២-០ នៅវគ្គផ្តាច់ព្រ័ត្រ៕