(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បាននឹងកំពុងបង្ហាញភាពអស្ចារ្យជាថ្មី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ នៅកម្ពុជា បន្ទាប់ពីអ្នកស្រីរកបានពិន្ទុវ៉ាដាច់កីឡាការិនី ៤២ប្រទេសក្នុងការប្រកួតជម្រុះជុំទី១ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នាថ្ងៃទី១៩ ខែវិច្ឆិកានៅពហុកីឡដ្ឋានជាតិ។

ក្នុងនាមកីឡាការិនីការពារមេដាយមាសពិភពលោកលើកទី៣ អ្នកស្រី កែ ឡេង ធ្វើបានយ៉ាងល្អ ដោយរកបាន ៣៨ពិន្ទុ ដើម្បីគ្រងកំពូលតារាងលើកីឡាការិនីមកពី ៤២ប្រទេសផ្សេងទៀត។ ការសម្រេចបានពិន្ទុដ៏ល្អនេះ បានធ្វើឲ្យកីឡាការិនីឆ្នើមកម្ពុជា ឈរចាំប្រកួតជុំបន្ដដោយស្វ័យប្រវត្តិ ជាមួយកីឡាការិនី ៣រូបទៀត ដែលឈរលេខ២ ដល់លេខ៤ គឺកីឡាការិនី Homnian Ranu មកពីន័រវែស រកបាន ៣៧ពិន្ទុ, កីឡាការិនីឡាវ Bivilak Thepphakan រកបាន ៣៦ពិន្ទុ និងកីឡាការិនីមីយ៉ាន់ម៉ា Thin Cherry រកបាន ៣៤ពិន្ទុ។

បើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួតខាងលើបានឲ្យដឹងថា សម្រាប់ការប្រកួតជម្រុះជុំទី១ ចំពោះកីឡាការិនីដែលឈរកំពូលតារាង ៤នាក់ (Top-4) នឹងត្រូវឈរចាំប្រកួតវគ្គបន្ដ ដោយមិនធ្វើការប្រកួតជម្រុះនៅថ្ងៃទី២០ ខែវិច្ឆិកានេះឡើយ។ ប៉ុន្ដែកីឡាការិនី ដែលឈរលេខ៥ ដល់លេខ២៣ ត្រូវឆ្លងកាត់ការប្រកួតជម្រុះជុំទី២ នៅថ្ងៃពុធនេះ ដើម្បីចម្រាញ់ជើងខ្លាំង ឡើងទៅប្រកួតប្រជែងវគ្គបន្ដ ជាមួយកីឡាការិនីជើងខ្លាំងទាំង ៤រូបខាងលើ រួមទាំងកីឡាការិនី កែ ឡេង ផងដែរ។

សូមរំឭកថា សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះ កែ ឡេង ដណ្ដើមបានមេដាយមាស ៣លើកជាប់ៗគ្នាជូនជាតិរួចមកហើយ ពោលគឺឆ្នាំ២០១៣ ដណ្ដើមបាននៅបារាំង ឆ្នាំ២០១៥ ដណ្ដើមបាននៅថៃ និងឆ្នាំ២០១៧ ដណ្ដើមបាននៅប្រទេសចិន។ ចំណែកឆ្នាំ២០១៩ ខណៈការប្រកួតកំពុងប្រព្រឹត្តទៅលើទឹកដីកម្ពុជា អ្នកស្រី កែ ឡេង ក៏កំពុងនាំមុខគូប្រជែងផងដែរ។ ដូច្នេះបើអ្នកស្រីអាចការពារមេដាយមាសពិភពលោកបានជាលើកទី៣ មានន័យថា អ្នកស្រីអាចបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រកាន់តែអស្ចារ្យក្នុងវិស័យកីឡាប៉េតង់ពិភពលោក ក្នុងការដណ្ដើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានក្រុមកីឡាករ-កីឡាការិនីមកពី ៤៩ប្រទេស (រួមទាំងម្ចាស់ផ្ទះកម្ពុជា) ចូលរួមប្រកួត។ សម្រាប់ការប្រកួតផ្នែកយុវជន គឺមាន ៣០ក្រុមចូលរួម គ្រាដែលផ្នែកស្ដ្រី គឺមាន ៥០ក្រុម៕