(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតស្មើគ្នាកាលពីជើងទី១ ដោយលទ្ធផល ១-១ កាលពីខែកញ្ញាកន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានបេសកកម្មប្រកួតទល់នឹងក្រុមបាល់ទាត់ហុងកុង នៅជើងទី២ នៃយុទ្ធនាការជម្រុះ FIFA World Cup Qatar 2020 វគ្គជម្រុះ Preliminary Qualification Round 2 នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧យប់តទៅ (ម៉ោងនៅកម្ពុជា)។

ក្នុង ៦ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ កម្ពុជា មិនធ្លាប់ឈ្នះហុងកុងឡើយ ក្រៅតែស្មើ១លើក។ សម្រាប់ការប្រកួតដែលកម្ពុជា ធ្វើបានល្អបំផុត គឺការជួបគ្នានៅជើងទី១ ការប្រកួត FIFA World Cup Qatar 2020 វគ្គជម្រុះ Preliminary Qualification Round 2 ដែលបញ្ចប់ទៅលទ្ធផល ១ទល់នឹង១។ បរាជ័យធ្ងន់បំផុតរបស់កម្ពុជា គឺចាញ់ហុងកុង ៦ ទល់នឹង ២ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។

បើមើលលើចំណាត់ថ្នាក់ក្នុងទ្វីបអាស៊ី ហុងកុង ឈរនៅលេខ២៧ ខណៈកម្ពុជា ឈរនៅលេខ៣៦។ រីឯចំណាត់ថ្នាក់ពិភពលោកវិញ ហុងកុងនៅលេខ១៤៥ ស្របពេលកម្ពុជា នៅលេខ១៧២។ ក្នុងការប្រកួតវិលជុំក្នុងពូល C នេះ កម្ពុជា និងហុងកុង មិនធ្លាប់ស្គាល់ពាក្យថាឈ្នះដូចគ្នា ពោលគឺកម្ពុជា ចាញ់៣ ស្មើ១ គ្រាដែលហុងកុង ចាញ់២ ស្មើ២ (ស្មើជាមួយបារ៉ែន និងកម្ពុជា)។

ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតនេះពីទីក្រុងហុងកុង ជូនបងប្អូនទស្សនា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨៖៣០ល្ងាចតទៅ (ម៉ោងនៅកម្ពុជា) និងមានការ Live តាម Facebook Page: CBS Sport ថែមទៀតផង៕