(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡា SEA Games ឆ្នាំ២០១៧ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានដាក់ការតាំងចិត្តខ្ពស់ក្នុងការរក្សាតំណែងមេដាយមាសក្នុងព្រឹត្តិការណ៍ដែលមាន ២ឆ្នាំម្តងនៅប្រទេសហ្វីលីពីន ដែលនឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ។

កញ្ញា សៀវម៉ី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងឱកាសចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា «នេះជាលើកទី៤ សម្រាប់នាងខ្ញុំដែលបានចូលរួមប្រកួតក្នុង SEA Games និងទាំងក្រុមកីឡាតេក្វាន់ដូ WT ទាំងអស់ បានធ្វើការហ្វឹកហាត់រយៈពេល ២ខែនៅប្រទេសកូរ៉េ ដើម្បីប្រជែងមេដាយនៅហ្វីលីពីន»

កញ្ញាបានបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ SEA Games ៣លើកមកនេះ គឺធ្លាប់ឈ្នះមេដាយសំរិទ្ធ ១ដង និងមេដាយមាស ២ដង និងឈ្នះមេដាយមាសចុងក្រោយកាលពី SEA Games ឆ្នាំ២០១៧ ដែលមានម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះនោះ។

ថ្លែងដោយប្រយោល ដោយពុំទាន់ដឹងពីការប្រកួត ក៏ដូចជាសមាសភាពផងនោះ ស៊ន សៀវម៉ី បានដាក់ការតាំងចិត្តខ្ពស់ ក្នុងការការពារមេដាយមាសឲ្យបាន ក្នុងនោះដែរកញ្ញាក៏ត្រៀមប្រជែងជាមួយហ្វីលីពីនផងដែរ ព្រោះជាប្រទេសម្ចាស់ផ្ទះ SEA Games លើកទី៣០ ឆ្នាំ២០១៩ ប្រភេទកីឡាតេក្វាន់ដូ WT ទម្ងន់ ៦៧+។

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានគូសបញ្ជាក់ថា ក្រុមកីឡាករ-កីឡាករទាំងអស់នឹងធ្វើល្អជាមិនខាន យ៉ាងហោចណាស់ក៏ឈ្នះមេដាយសំរឹទ្ធ ដោយសំអាងថា មានការរៀបចំ និងត្រៀមខ្លួនបានល្អជាង SEA Games ឆ្នាំណាៗទាំងអស់ និងការផ្តល់កម្លាំងចិត្តពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងណែនាំអនុសាសន៍ល្អដល់កីឡាករ កីឡាការិនីកម្ពុជាក្នុងការប្រកួតឲ្យមានក្រមសីលធម៌ល្អ និងប្រកួតមានវិន័យសេចក្តីថ្លៃថ្នូរឲ្យសមទៅជាកីឡាករ កីឡាការិនីដែលតំណាងឲ្យប្រទេសកម្ពុជា។

គួរបញ្ជាក់ផងថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូ WT ឈានមុខរបស់កម្ពុជា តាមរយៈឈ្នះមេដាយសំរឹទ្ធ ១គ្រឿងកាល SEA Games ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី មុនឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2013 នៅមីយ៉ាន់ម៉ា និងឈ្នះមេដាយមាស ១គ្រឿងទៀតក្នុង SEA Games 2017 នៅម៉ាឡេស៊ី។

បន្ថែមលើនេះ សៀវម៉ី ក៏បានឈ្នះមេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games 2014 នៅប្រទេសកូរ៉េខាងត្បូង មុនបន្តឈ្នះមេដាយមាស ១គ្រឿងទៀតក្នុងឆ្នាំ២០១៦ នៃការប្រកួតជម្រុះកីឡាអូឡាំពិក Olympic Games ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ៕