(ភ្នំពេញ)៖ ក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អក្នុងប្រកួតបើកឆាកជើងឯកប៉េតង់ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយបានយកឈ្នះក្រុមកីឡាការិនីប្រទេសឡេតូនី(Latvia) ដោយលទ្ធផល ១៣-៣ពិន្ទុ លើវិញ្ញាសានារី ៣នាក់ ទល់នឹង ៣នាក់ នៅទីលានដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជាមួយជ័យជម្នះលើកដំបូងក្នុងពូលនេះ ក្រុមកីឡាការិនីកម្ពុជា គឺមាន ៤រូប រួមមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា។ ការប្រកួតនេះ ក្រុមកីឡាការិនីកម្ពុជា ត្រូវបានក្រុមកីឡាការិនីប្រទេសឡេតូនី នាំមុខ ៣ពិន្ទុមុន បន្ទាប់មកទើបក្រុមម្ចាស់ផ្ទះកម្ពុជា បានផ្លាស់ប្ដូរវីរកីឡាការិនី កែ ឡេង ចូលជំនួសកីឡាការិនី កែវ សុវណ្ណា ហើយបានវាយបកយកឈ្នះដាច់វិញ ១៣-៣ពិន្ទុតែម្ដង ។

ក្រោយចប់ការប្រកួតកីឡាការិនី អ៊ុន ស្រីយ៉ា បានឲ្យដឹងថា ក្រុមខ្លួនពិតជាសប្បាយរីករាយ ដែលអាចយកឈ្នះក្នុងប្រកួតដំបូង តែយ៉ាងណាការប្រកួតនៅសល់ច្រើនទៀត ដែលក្រុមខ្លួនត្រូវខិតខំប្រឹងប្រែងបន្ដ ដើម្បីឆ្ពោះទៅប្រជែងមេដាយជូនជាតិ ។ ស្រីយ៉ា បានបញ្ជាក់ថា ក្នុងវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់នេះ ដើម្បីឈានទៅឈ្នះមេដាយមាស យ៉ាងហោចក្រុមខ្លួនត្រូវការឈ្នះ ៩ប្រកួតជាប់ៗគ្នា ហេតុនេះកម្ពុជាត្រូវខំប្រឹងបន្ថែមទៀត ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានក្រុមកីឡាករ-កីឡាការិនីមកពី ៤៩ប្រទេស(រួមទាំងម្ចាស់ផ្ទះកម្ពុជា)ចូលរួមប្រកួត ។ សម្រាប់ការប្រកួតផ្នែកយុវជន គឺមាន ៣០ក្រុមចូលរួម ខណៈផ្នែកស្ដ្រី គឺមាន ៥០ក្រុម។

ចំពោះពិធីបើកការប្រកួតបានធ្វើឡើង ក្រោមអធិបតីភាពលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក រួមទាំងប្រតិភូ កីឡាករ-កីឡាការិនីចូលរួមគ្រប់ប្រទេស និងអ្នកគាំទ្រដ៏ច្រើនផងដែរ៕