(ហុងកុង)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានអះអាងថា កូនក្រុមរបស់លោក បានត្រៀមខ្លួនហើយជាស្រេច ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះហុងកុងនាវេលាម៉ោង ៧យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងជំនួបជើងទី២ នៃវគ្គជ្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូល C នៅកីឡដ្ឋាន Hong Kong Stadium។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមថា ក្រុមគោព្រៃកម្ពុជា បានត្រៀមឆន្ទៈយ៉ាងមោះមុត សម្រាប់ត្រៀមការប្រកួតដ៏សំខាន់នេះ។ ការលើកឡើងបែបនេះ ក៏ព្រោះលោកបានមើលឃើញពីចំណុចវិជ្ជមានច្រើន ក្រោយក្រុមជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលីកាលពីពេលថ្មីៗ។

លោក Felix បាននិយាយថា «ស្មារតីរបស់ក្រុមយើងគឺល្អ មានឆន្ទៈមោះមុត ចំពោះការប្រកួតជាមួយហុងកុងថ្ងៃនេះ។ យើងដឹងថា ក្រុមទាំងពីរសុទ្ធតែត្រូវការ ៣ពិន្ទុរៀងៗខ្លួន ដូច្នេះក្រុមហុងកុង កីត្រៀមខ្លួនបានល្អដូចគ្នា សម្រាប់ការប្រកួតដ៏សំខាន់ថ្ងៃនេះ»។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីម្សិលមិញ។

លោកថា «ជាការពិតណាស់ នៅពេលពួកយើងចេញទៅក្រៅប្រទេសម្ដងៗ ពួកយើងផ្ដោតលើអ្វីដែលពួកយើងត្រូវធ្វើ... ខ្ញុំបានដឹងថា អ្វីកំពុងកើតឡើង...បាល់ទាត់ មិនគួរលាយឡំនឹងនយោបាយទេ។ ពួកយើងនឹងផ្ដោតលើការប្រកួតរបស់ពួកយើង។ ខ្ញុំពិតជាមានការសោកស្ដាយសម្រាប់ទីក្រុងហុងកុង ហើយសង្ឃឹមថា ហុងកុងនឹងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី»

លោក Felix បានឱ្យដឹងផងដែរថា ក្រុមគោព្រៃកម្ពុជា បានត្រៀមខ្លួនបានយ៉ាងល្អ និងរួចរាល់ សម្រាប់ការប្រកួត។ លោកថា ស្មារតីរបស់ក្រុមគឺល្អ មានឆន្ទៈមោះមុត ចំពោះការប្រកួតជាមួយហុងកុង ដើម្បីដណ្ដើមយក ៣ពិន្ទុ។

គួរបញ្ជាក់ថា កាលពីជើងទី១ ប្រកួតលើទឹកដីកម្ពុជា ក្រុមគោព្រៃកម្ពុជា បានត្រឹមចែកគ្នា ១ពិន្ទុ ជាមួយហុងកុងប៉ុណ្ណោះ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ១-១។ បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា កំពុងឈរបាតតារាង និងមាន ១ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៤ប្រកួត ស្មើ១ និងចាញ់៣ តាមពីក្រោយហុងកុង ដែលរកបាន ២ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួត ស្មើ២ និងចាញ់ ២ប្រកួត។

ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតនេះ ពីទីក្រុងហុងកុង ជូនបងប្អូនទស្សនានៅរាត្រីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨៖៣០ល្ងាចតទៅ (ម៉ោងនៅកម្ពុជា) និងមានការ Live តាម Facebook Page: CBS Sport ថែមទៀតផង៕