(ភ្នំពេញ)៖ ស្របពលកីឡដ្ឋាន KDR ដែលមានមូលដ្ឋានៅទីរួមខេត្តសៀមរាប បានសាងសង់ជិតរួចរាល់ ១០០% លោក លី សេងហួរ ស្ថាបនិកកីឡដ្ឋានស្ដង់ដារអន្ដរជាតិមួយនេះ បានប្រកាសបង្កើតក្លិបបាល់ទាត់ថ្មីមួយជាផ្លូវការហើយ គឺ «ក្លិបបាល់ទាត់សៀមរាបយូណាយធីត» និងត្រៀមចូលលេងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរនៅថ្ងៃអនាគត។

ពិធីប្រកាសបង្កើតក្លិបបាល់ទាត់ថ្មីសន្លាងមួយនេះ បានធ្វើឡើងនៅកីឡដ្ឋាន KDR ផ្ទាល់កាលពីល្ងាចមិញ។ ហើយអ្វីដែលពិសេស ទន្ទឹមជាមួយគ្នានោះ ក្លឹបសៀមរាបយូណាយធីត ក៏បានប្រកាសចុះអនុសារណៈយោគយល់គ្នា (MOU) លើភាពជាដៃគូសហការជាមួយក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ ផងដែរ គឺទីភ្នាក់ងាររៀបចំព្រឹត្តិការណ៍បាល់ទាត់អន្ដរជាតិ bolabros និងក្រុមហ៊ុនសម្ភារៈកីឡា Kaki Jersi។

លោក លី សេងហួរ បានបញ្ជាក់ថា ការបង្កើតក្លិបថ្មី ដោយប្រើឈ្មោះថ្មីនេះ ដោយសារលោកចង់លើកស្ទួយឈ្មោះខេត្ត និងផ្ដល់ឱកាសដល់យុវជនក្នុងខេត្ត ក៏ដូចជាយុវជនខេត្តក្បែរៗខេត្តសៀមរាបបានលេងកីឡា។ លោកថា «មូលហេតុយើងប្រើឈ្មោះថ្មីនេះ គឺយើងចង់ឲ្យខេត្តសៀមរាប មានក្លិបបាល់ទាត់មួយ ដែលថ្មី ដែលល្អ ដែលត្រឹមត្រូវ ដែលអាចជួយឲ្យក្មេងៗសម្រេចបាននូវសុបិនពួកគេ។ លើសពីនេះ ឈ្មោះនេះ គឺអាចក្តោប និងលើកស្ទួយឈ្មោះខេត្តសៀមរាបយើងអោយរឹតតែល្បីល្បាញថែមទៀត»

ដោយឡែកពាក់ព័ន្ធនឹងផែនការអនាគត ពិសេសការចូលលេងក្របខណ្ឌលីគកំពូលកម្ពុជាវិញ ត្រូវបានស្ថាបនិកវ័យក្មេងខាងលើ អះអាងថា មិនទាន់ផ្ដោតសំខាន់ប៉ុន្មានទេ ព្រោះលោកចង់ពង្រឹងក្លឹបឲ្យបានរឹងមាំ និងមានគុណភាពសិន ទើបលោកចូលរួម។ លោកបន្ដថា «ដោយសារការប្រកួតប្រជែងក្នុងលីគ ត្រូវការប្រើប្រាស់ធនធានកីឡាករកម្រិតខ្ពស់ និងថវិកាច្រើន ចឹងបើសិនយើងមានដៃគូសហការណាមួយ ដែលអាចសមស្របនឹងលក្ខខណ្ឌរបស់ក្លិបយើងអាចទៅរួច យើងនឹងចូលរួមនាថ្ងៃអនាគត»។

សម្រាប់ការងារចំពោះមុខរបស់ក្លិបពេលនេះ គឺក្លិបផ្ដោតលើការអភិវឌ្ឍន៍យុវជនថ្នាលសិន ជាក់ស្តែងក្លិបបានដាក់គោលដៅនឹងចាប់ផ្ដើម Football Academy នៅអំឡុងខែមីនា ឆ្នាំ២០២០ ព្រោះការអភិវឌ្ឍន៍ថ្នាល គឺទាមទារពេលវេលាយូរ ប្រើប្រាស់ធនធានច្រើន ការតស៊ូព្យាយាម និងការអត់ធ្មត់ជាទីបំផុត ដើម្បីសម្រេចចក្ខុវិស័យដ៏អស្ចារ្យមួយនេះ។ មិនតែប៉ុណ្ណោះ ក្លិបក៏បានត្រៀមរៀបចំការប្រកួតពានរង្វាន់សម្រាប់កុមារអាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៣ឆ្នាំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ខាងមុខដែរ។

ក្រឡេកមកចាប់អារម្មណ៍កីឡដ្ឋាន KDR វិញ ក្រោយចាប់ផ្ដើមសាងសង់កាលពីដើមខែមករា ឆ្នាំ២០១៩ មកទល់ពេលនេះ ការសាងសង់បានរួចរាល់ប្រមាណ ៨៥% ទៅ ៩០% ហើយ ពោលគឺនៅសល់តែការដំឡើងកៅអីអង្គុយបន្ថែម នៃផ្នែកមួយចំនួនប៉ុណ្ណោះ ខណៈតាមគម្រោងកីឡដ្ឋានស្ដង់ដារអន្ដរជាតិ ស្ថិតនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន ក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៥,០០០នាក់៕