(ភ្នំពេញ)៖ ជាការពិតណាស់ សម្រាប់តារាសម្ដែង តារាចម្រៀង ពេលបង្ហាញមុខនៅលើឆាកតន្រ្តី ឬក្នុងរឿងអ្វីមួយ មហាជន និងទស្សនិកជនងាយនឹងឆាប់ស្គាល់ជាទីបំផុត ពោលគឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា ក្នុងផ្នែកបញ្ចូលសំឡេង ឬអ្នកនិពន្ធ ដឹកនាំជាដើម មិនសូវមានមហាជនស្គាល់នោះទេ ទោះអ្នកទាំងនោះ បានប្រឡូកក្នុងការងារនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី។ ជាក់ស្ដែងអ្នកបញ្ចូលសំឡេងដ៏ល្បី ក្នុងរឿងភាគបរទេស រឿងភាគខ្មែរ គឺអ្នកស្រី តូច យ៉ានី បានចូលមកក្នុងវិថីនេះ អស់រយៈពេលជាង៣ទសវត្សមកហើយ ប៉ុន្តែមហាជនហាក់មិនដែលបានស្គាល់ ឬចាប់អារម្មណ៍ឡើយ។
យោងតាមផេក «Movie star research» ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានបង្ហាញថា មានបងប្អូនទស្សនិកជនជាច្រើន ដែលនិយមចូលចិត្តទស្សនា ខ្សែភាពយន្តភាគរបស់ សិង្ហបុរី តាំងពី ២០ ទៅ ៣០ឆ្នាំមុន ជាពិសេសតួនាង ទីងហ៊ុយ និងខ្លះ ហៅនាង ធុងស៊ី ក្នុងរឿង (ផ្លូវមាសស្ពានស្នេហ៍) ហើយមហាជនតែងតែចង់ដឹងថា តើអ្នកបញ្ចូលសំឡេងតារា សិង្ហបុរី រូបនេះ គឺជាអ្នកណា? ព្រោះតារាបញ្ចូលសំឡេងភាគច្រើន ហាក់មិនត្រូវបាននរណាម្នាក់លើកយកមកនិយាយឡើយ។ ហេតុដូច្នេះហើយទើបគេហទំព័រយើងខ្ញុំ លើកយកអំពីសមត្ថភាពនៃការបញ្ចូលសំឡេងរបស់អ្នកស្រី មកនិយាយនៅក្នុងថ្ងៃនេះ ព្រោះបើយើងមិនបង្ហាញ អាចក្នុងមួយជីវិតនេះ កើតមករហូតដល់បាត់បង់ជីវិតទៅវិញ ក៏នៅតែមិនដឹងថាម្ចាស់សំឡេងរូបនេះ គឺជាអ្នកណា?
អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្តថា មកជួបជាមួយ កំពូលតារាបញ្ចូលសំឡេងដ៏ល្បីល្បាញជាង៣ទសវត្សរ៍មកហើយ គឺអ្នកស្រី តូច យ៉ានី អ្នកស្រីប្រកបមុខរបរ ជាតារាបញ្ចូលសំឡេងតាំងពីឆ្នាំ ១៩៨៦ នៅរោងភាពយន្តខេត្ត បាត់ដំបង ដែលកាលណោះមិនទាន់មានផលិតកម្មនៅឡើយទេ ក្រោយមកអ្នកស្រីបានមករស់នៅភ្នំពេញនៅឆ្នាំ ១៩៨៨ អ្នកស្រីក៏ចាប់ផ្ដើមបញ្ចូលសំឡេងក្នុងរឿងភាគជាច្រើនរាប់មិនអស់របស់ សិង្ហបុរី ដែលអ្នកស្រីបញ្ចូលសំឡេង ជាតួឯកគ្រប់រឿង ជាពិសេសរឿងដែលល្បីល្បាញបំផុត ក្នុងទសវត្សឆ្នាំ ៨០-៩០ គឺរឿង (ផ្លូវមាសស្ពានស្នេហ៍) (ខ្នើយមាស) និងក្នុងទសវត្សឆ្នាំ២០០០ គឺរឿង (F4) របស់ចិនតៃវ៉ាន់ គឺអ្នកស្រី តូច យ៉ានី បញ្ចូលសំឡេងតួឯកស្រី គឺនាង សាន់ឆាយ ដែលសុទ្ធសឹងជាខ្សែភាពយន្តភាគ ដ៏ល្បីល្បាញពេញទ្វីប អាស៊ី ។
តាមការរៀបរាប់របស់អ្នកស្រី តូច យ៉ានី បានឲ្យដឹងថា អ្នកស្រីប្រកបរបរជាតារាបញ្ចូលសំឡេងនេះ មានរយៈពេលជាង ៣០ឆ្នាំមកហើយ ចំនួនខ្សែភាពយន្តដែលអ្នកស្រីបានបញ្ចូលសំឡេង មានចំនួនរហូតដល់ទៅ រាប់ពាន់រាប់ម៉ឺនរឿងឯណោះ ថ្វីបើកន្លងមក មិនមានអ្នកណាស្គាល់មុខមាត់ពិត របស់អ្នកស្រីក៏ដោយ ប៉ុន្ដែសំឡេងរបស់អ្នកស្រី ពិតជាមានភាពទាក់ទាញល្បីល្បាញយ៉ាងខ្លាំង ដោយគ្រាន់តែឮសំឡេង អាចធ្វើឲ្យនឹកដល់តួអង្គនីមួយៗ។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ អ្នកស្រី តូច យ៉ានី មានវ័យ ៥៥ឆ្នាំហើយ អ្នកស្រីនៅតែបន្តអាជីពជាតារាបញ្ចូលសំឡេង ក្នុងផលិតកម្ម ហង្សមាស សម្រាប់រឿងភាគ ចិន កូរ៉េ និង ខ្មែរ។ សូម្បីតែរឿង (រាជិនីភូមិគ្រឹះ) ក៏អ្នកស្រីបញ្ចូលសំឡេងតួឯកស្រី គឺសុខ ស្រីនាង និយាយរួមគ្រប់រឿងមិនថា រឿងរបស់ប្រទេសណា គឺតែងតែមានវត្តមានរបស់អ្នកស្រី នៅក្នុងសំឡេងតួឯកស្រីទាំងអស់។ សព្វថ្ងៃនេះអ្នកស្រី មានបុត្រចំនួន ៣នាក់ ស្រី១នាក់ និងប្រុស២នាក់ ខាងក្រោមនេះ ជារូបភាពរបស់អ្នកស្រីជាមួយ ស្វាមី និងកូនៗរបស់អ្នកស្រី៕