(ភ្នំពេញ)៖ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៩ ខែវិច្ឆិកាស្អែកនេះហើយ ខណៈនឹងមានក្រុមកីឡាករ-កីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចំនួន ៤៩ប្រទេស(រួមទាំងម្ចាស់កម្ពុជា) បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ ។

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ គេឃើញមានប្រតិភូ និងកីឡាករ-កីឡាការិនីជាច្រើនហើយ ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រទេសផ្សេងៗទៀត នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញទាំងអស់ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ដើម្បីចូលរួមពិធីចាប់ឆ្នោត និងពិធីបើកការប្រកួតផ្លូវការនៅថ្ងៃបន្ទាប់ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការរៀបចំការប្រកួត ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្មីៗថា ការទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះជើងឯកប៉េតង់ពិភពលោកយុវជន និងស្ដ្រី ឆ្នាំ២០១៩ គឺជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយក៏ជាឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយអំពីសក្ដានុពល សន្ដិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យកីឡារបស់ប្រទេសកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ នៅកម្ពុជា គ្រោងរៀបចំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ ដោយមានអត្តពលិកសរុប ៤៩ប្រទេសចូលរួម ត្រូវនឹង ៤៤៩នាក់ ក្នុងនោះមានយុវជន ៣០ក្រុម និងស្រ្ដី ៥០ក្រុម ។ ចំពោះវិញ្ញាសាប្រកួតផ្នែកយុវជនមាន ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣ ទល់ ៣ ។ រីឯផ្នែកស្ដ្រីមាន ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣ ទល់ ៣។ ចំណែកវិញ្ញាសាសមាគមមាន ២វិញ្ញាសា គឺវាយ ៣ ទល់ ៣៕