(ភ្នំពេញ)៖ មហាជនភាគច្រើនពិតជាស្គាល់ច្បាស់ ជាក់ជាមិនខានថា លោក ជា សំណាង គឺជាតារា សម្តែងដ៏ល្បីល្បាញមួយរូប ដែលបានសម្តែងក្នុងរឿងជាច្រើន មានទាំងខ្សែភាពយន្តបែបសម័យ និងបុរាណ ព្រមទាំងបានប្រឡូកក្នុងការសម្តែងចម្រៀងកាយវិការ ឲ្យផលិតកម្មនានា ទាំងក្នុង និងក្រៅប្រទេស។ ពេលនេះ តារាសម្ដែងលោក ជា សំណាង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយសារតែលោកសម្រេចចូលរោងការ ជាមួយមនុស្សជាទីស្រឡាញ់ មានអាជីពជាតារាបង្ហាញម៉ូដ រស់នៅក្នុងខេត្តកំពត។

កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃរៀបមង្គលការរបស់ តារាសម្ដែងលោក ជា សំណាង មានវ័យ៤៩ឆ្នាំ និងភរិយាវ័យក្មេងរូបស្អាត ឈ្មោះ ម៉ូម៉ូ ដែលជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ នៅស្រុកឈូក ខេត្តកំពត។ ពិធីនេះត្រូវបានគេសង្កេតឃើញថា មិនសូវកក្រើកក្នុងពិភពសិល្បៈដូចអ្នកសិល្បៈដទៃនោះទេ ពោលគឺអ្នកសិល្បៈដែលដឹង និងបានទៅចូលរួមមង្គលការ គឺមានតែអ្នកជិតដិតខ្លាំង ប៉ុណ្ណោះ ដោយហេតុថា ផ្លូវធ្វើដំណើរទៅឆ្ងាយ។

ជាការពិត តារាសម្តែងជើងចាស់ លោក ជា សំណាង គឺជាសិល្បករល្បីឈ្មោះ និងមានមុខមាត់ក្នុងសង្គមសិល្បៈ ខ្លាំងគួរសម ហើយបើគេស្រមៃក្នុងថ្ងៃមង្គលរបស់លោក គួរតែមានអ្នកសិល្បៈចូលរួមជូនពរជ័យច្រើន មិនគួណាលោកសម្ងំរៀបចំកម្មវិធីស្ងាត់ៗ ដោយអញ្ជើញភ្ញៀវត្រឹមតែ៤០តុតែប៉ុណ្ណោះ។

ទោះបីជាមង្គលការ របស់លោក និងភរិយា មិនសូវអញ្ជើញភ្ញៀវអ្នកសិល្បៈ និងបានក្លាយជារឿងភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើឲ្យមហាជនលាន់មាត់ថា លោករៀបការស្ងាត់ៗក៏ដោយ តែទាំងអ្នកសិល្បៈ និងមហាជនជាច្រើន បានរំលេចសារអបអរសាទរ និងជូនពរគូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ មិនតិចនោះទេ ដោយសារភាគច្រើនសរសើរថា អ្នកទាំង២សមគ្នាខ្លាំង៕