(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង បែបភ័យរន្ធត់ តក់ស្លុត និងកម្សត់ មានចំណងជើងថា «នាឡិកាដាស់វិញ្ញាណ» ដែលជាភាពយន្តបណ្តាក់ទុនផលិតទ្រង់ទ្រាយធំលើកដំបូង របស់ផលិតកម្ម LD Picture នោះ កំពុងតែត្រៀម ខ្លួន យកទៅចាក់បញ្ចាំង នៅរោងភាពយន្តអន្តរជាតិយ៉ាងតិច ៦ប្រទេសផ្សេងគ្នា ក្នុងតំបន់អាស៊ាន ដែលត្រូវបានគេចាត់ទុកថា ជាលើកទី១សម្រាប់ភាពយន្តកម្ពុជា មានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ។

ថ្លែងក្នុងពិធីបើកបញ្ចាំងលើកដំបូង កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកានេះ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា កន្លងមកផលិតកម្មលោកបានផលិតភាពយន្តប្រមាណជិត៣០រឿងរួចមកហើយ ដែលភាគច្រើនទទួលបានជោគជ័យលើទីផ្សារក្នុងស្រុកខ្លាំង ហើយលោកបានសន្សំថវិកា ដែលទទួលបានពីការផលិតភាពយន្តកន្លងមក មកបណ្តាក់ទុនផលិតភាពយន្តខ្នាតធំលើកដំបូង សម្រាប់ផលិតកម្មលោកឡើង។ ផលិតករកម្ពុជាបានសម្រិតសម្រាំងស្នាដៃពិសេស រហូតបណ្តារោងភាពយន្តជាច្រើនប្រទេសមានការចាប់អារម្មណ៍ បើទ្វារស្វាគមន៍ភាពយន្តរបស់កម្ពុជា។

លោកបន្តថា ចាយពេលក្នុងការផលិតសរុបរយៈពេលជាងមួយឆ្នាំ ភាពយន្តនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីគុណភាពខ្ពស់មួយ ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារក្រៅស្រុក។ ភាពយន្តនេះនឹងចាកបញ្ចាំងនៅរោងភាពយន្តនៃបណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រ៊ុយណេ ជាដើម ហើយក៏មានបណ្តាប្រទេសមួយចំនួនទៀត បាននឹងកំពុងស្ថិតក្នុងការចរចានៅឡើយ។ លោកថាចាយទុនជាង៤០ម៉ឺនដុល្លារអាមេរិក បើរំពឹងលើចំណូលក្នុងស្រុកគឺនឹងខាតច្រើន ហើយការចេញចាក់បញ្ចាំងនៅលើទីផ្សារក្រៅស្រុកពេលនេះ ក៏លោកនៅរង់ចាំលទ្ធផលនៅឡើយ។

លោកបន្តថា ឱកាសនេះគឺជាការបើកផ្លូវមួយសម្រាប់ផលិតករក្នុងស្រុកដទៃទៀត ដែលចង់បានបទពិសោធន៍ថ្មីលើទីផ្សារក្នុងស្រុក ដែលលោកថា បើទោះបីជាខាតបង់ច្រើនលើការផលិតនេះ លោកនឹងនៅតែបន្តចិញ្ចឹមចិត្តបន្តផលិតភាពយន្តថ្មីខ្នាតធំ មានគុណភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ តាមរយៈការសន្សំថវិកាចំណេញពីការផលិតភាពយន្តបន្តទៀត។

ក្រោយទស្សនាភាពយន្តខាងលើចប់ អ្នកនិពន្ធ និងដឹកនាំរឿងល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានថ្លែងការកោតសរសើរខ្លាំង ចំពោះការខិតខំផលិតយ៉ាងសម្រិតសម្រាំង និងការលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងទុនរបស់ផលិតកម្ម LD Picture។ លោកថា នេះក៏ជាឱកាសមួយសម្រាប់ផលិតករដទៃដកស្រង់បទពិសោធន៍ ។ លោកថា​ការចំណាយទុនច្រើននេះក៏សមល្មម ឬប្រហាក់ប្រហែលទៅនឹងការចំណាយរបស់ផលិតករក្នុងតំបន់ ដើម្បីបង្កើតភាពយន្តមានគុណភាព មានបច្ចេកវិទ្យាផលិតទំនើបស្របតាមស្តង់ដារទំនើប។

លោក ហ៊ុយ យ៉ាឡេង រំពឹងថា ទស្សនិកជនពិតជាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះស្នាដៃថ្មីមួយនេះ ដែលមិនចាញ់ភាពយន្តរបស់ប្រទេសជិតខាង។

គួរបញ្ជាក់ថា ក្រៅពីជាភាពយន្តបែបរន្ធត់ និងកម្សត់ រឿង «នាឡិកាដាស់វិញ្ញា» ក៏បង្កប់ដោយអត្ថន័យអប់រំស៊ីជម្រៅ ជុំវិញសេចក្តីសុខសុភមង្គល នៅក្នុងក្រុមគ្រួសារផងដែរ។ រឿង «នាឡិកាដាស់វិញ្ញា» ត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកានេះតទៅ៕