(ហ្វាំងឡង់)៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត និងហ្វាំងឡង់ បានឈ្នះកៅអីម្នាក់១ ដើម្បីឡើងទៅលេងពានរង្វាន់អឺរ៉ុប UEFA Euro ជុំផ្តាច់ព្រ័ត្រឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗនាក្នុងវគ្គជម្រុះនាយប់មិញនេះ។

សមាជិក World Cup 2018 ស៊ុយអែត បានបន្ថែម ៣ពិន្ទុ ដើម្បីរកបាន ១៨ពិន្ទុឈរនៅលេខ២ ប្រចាំពូល F ក្រោយបំបាក់ម្ចាស់ផ្ទះរ៉ូម៉ាន់នី ៣-០ បន្តការខកចិត្តដល់គូប្រជែងរ៉ូម៉ាន់នី ដែលឈរនៅលេខរៀងទី៣ មាន ១៤ពិន្ទុ នៅសល់ ១ប្រកួតបង្រ្គប់កិច្ចដូចគ្នា។

ដូច្នេះ សម្រាប់ពូល F គឺបានរកឃើញ ២ក្រុមក្នុងចំណោម ៦ក្រុម ដើម្បីឡើងទៅលេង Euro ឆ្នាំក្រោយហើយរួមមាន អេស្ប៉ាញ ដែលឈរនៅកំពូលតារាង និងស៊ុយអែតឈរនៅរៀងទី២នោះ។

ដូចគ្នានោះដែរ ក្រុមជម្រើសជាតិហ្វាំងឡង់ ដែលស្ថិតក្នុងពូល J ក៏បានឡើងទៅវគ្គចែកពូល ២៤ក្រុមដូចគ្នា បន្ទាប់ពីបំបាក់ឡិចថិនស្ថាន ៤-០ ក្នុងដី នាំឲ្យមាន ១៨ពិន្ទុឈរនៅលេខ១ តាមពីក្រោយអ៊ីតាលី ដែលបានបំបាក់ម្ចាស់ផ្ទះបូស្នី ៣-០ នាយប់មិញនេះដូចគ្នា ដោយនៅសល់ ១ប្រកួតបង្រ្គប់កិច្ចដូចគ្នានាសប្តាហ៍ក្រោយនេះ។

គិតត្រឹមពេលនេះ រកឃើញ ១២ក្រុមហើយដែលបានឈ្នះកៅអីឡើងទៅលេងជុំផ្តាច់ព្រ័ត្រនៃ UEFA Euro 2020 រួមាន អ៊ីតាលី អង់គ្លេស អេស្ប៉ាញ អ៊ុយក្រែន ប៊ែលហ្ស៊ិក បារាំង រុស្ស៊ី ប៉ូឡូញ តួកគី ឆេក ហ្វាំងឡង់ និងស៊ុយអែត និងនៅខ្វះ ១២ក្រុមទៀត មុនពេលចាប់ឆ្នោតជ្រើសរើសពូលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសរ៉ូម៉ាន់នី៕