(ភ្នំពេញ)៖ តារាសម្តែង និងជាតារាម៉ូដែលប្រុស លោក ណារ៉ុង រ៉ាត់ ដែលមានឈ្មោះពិតថា «ញ៉េប តូនិច» ត្រូវបានគេដឹងថា ជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញ ដោយថ្មីៗនេះ លោកទើបតែមកពីប្រកួត ក្នុងកម្មវិធី «Mister Working Man International 2019» និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមបេក្ខជន មកពី១៥ប្រទេស។ ងាកមករឿងស្នេហាវិញ ហាក់ជាអាថ៌កំបាំងសម្រាប់តារារូបនេះ។ តែយ៉ាងណា លោកនឹងមកបកស្រាយអាថ៌កំបាំងស្នេហារបស់លោក ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ ការងារសិល្បៈរបស់លោក ណារ៉ុង រ៉ាត់ ហាក់មមាញឹកយ៉ាងខ្លាំង ចាប់តាំងពីត្រឡប់មកពីចូលរួមប្រកួតក្នុងកម្មវិធី «Mister Working Man International 2019» នៅប្រទេសថៃ។ តារារូបនេះ ត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថត MV និងថតស្ពតពាណិជ្ជកម្មជាដើម។ ដោយរូបរាងសង្ហារ ខ្ពស់ស្រឡះ រួមផ្សំជាមួយនឹងលក្ខណៈសម្បតិ្តប្រពៃ មានអត្តចរិតរុះរាយរាក់ទាក់ផងនោះ កាន់តែធ្វើឲ្យលោកជោគជ័យលើមុខជំនួញ និងការងារសិល្បៈ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងអាថ៌កំបាំងស្នេហាផ្ទាល់ខ្លួនយ៉ាងណានោះ លោកនឹងចូលរួមបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕