(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបន្ដបង្ហាញទស្សនៈវិជ្ជមាន ចំពោះកូនក្រុមរបស់ខ្លួន ដោយមើលឃើញពីការអភិវឌ្ឍន៍ និងចំណុចល្អៗជាច្រើន បន្ទាប់ពីប្រកួតស្មើក្រុមជម្រើសជាតិម៉ុងហ្គោលី ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា «ការប្រកួតថ្ងៃនេះ គឺធ្វើទៅតាមអ្វីដែលយើងបានគ្រោងទុក ខ្ញុំឃើញថាពួកយើងធ្វើបានល្អ ទាំងការប្រយុទ្ធ ការបញ្ជូនបាល់ ពិសេសនៅចុងវគ្គទី២។ ប៉ុន្ដែយ៉ាងណាយើងត្រូវការរៀបចំឲ្យបានល្អជាងនេះ មុនជួបក្រុមហុងកុង។ ពួកយើងបានដឹងពីរបៀបលេងរបស់ពួកគេ អញ្ចឹងយើងត្រូវរកដំណោះស្រាយ ដើម្បីបំបែកទម្រង់លេងរបស់ពួកគេ»

Felix បន្ដថា អ្វីដែលលោកសប្បាយចិត្ត គឺលោកឃើញកីឡាករម្នាក់ៗ ទាំងអ្នកធ្លាប់បានលេងពីមុន និងអ្នកមិនធ្លាប់បានលេងពីមុន បានបង្ហាញនូវការប្រកួតប្រជែងខ្ពស់ និងការខិតខំប្រឹងប្រែង ១០០% លើទីលាន ដែលទាំងនេះសបញ្ជាក់ឲ្យឃើញថា ក្រុមជម្រើសជាតិកម្ពុជា កំពុងរីកចម្រើន និងបន្ដដំណើរទៅមុខជានិច្ច។

គួរបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតនេះ ក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរទៅទីក្រុងហុងកុង នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ដើម្បីត្រៀមប្រកួតជើងទី២ ជាមួយហុងកុង ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូល C នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ ចំណែកក្រុមម៉ុងហ្គោលី ក៏ត្រៀមចេញទៅមីយ៉ាន់ម៉ា ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះ ក្នុងពូល F នាថ្ងៃជាមួយគ្នាផងដែរ៕