(ភ្នំពេញ)៖ ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ពូល G ដែលមានក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតជើងទី១ ហើយ កាលពីយប់មិញ ដោយក្រុមម្ចាស់ផ្ទះហុងកុង បានប្រកួតស្មើកក្រុមជម្រើសជាតិបារ៉ែន០-០ និងអុីរ៉ាក់បានយកឈ្នះក្រុមភ្ញៀវអុីរ៉ង់ ២-១ ដើម្បីឡើងឈរកំពូលតារាង ។

ចំពោះការចែកគ្នា ១ពិន្ទុជាមួយក្រុមភ្ញៀវបារ៉ែនយប់មិញ គឺមុនពេលហុងកុង ត្រូវបន្ដបើកទ្វារផ្ទះទទួលក្រុមគោព្រៃកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ក្នុងជំនួបជើងទី២ បន្ទាប់ពីប្រកួតស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដីរបស់កម្ពុជា ។ តាមគម្រោងក្រុមជម្រើសជាតិកម្ពុជា នឹងចេញទៅហុងកុង នាវេលាម៉ោង ៧យប់នេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ។

ដោយឡែកក្រុមអុីរ៉ាក់បានធ្វើឲ្យអ្នកគាំទ្រក្រុមអុីរ៉ង់ ដែលមានចំណាត់ថ្នាក់ពិភពលោកទី២៧ មានការខកចិត្តជាខ្លាំង ក្រោយប្រកួតចាញ់ក្រុមឈរលេខរៀងទី៧៤ ដោយលទ្ធផល ២-១ ។ ជ័យជម្នះនេះបានធ្វើឲ្យអុីរ៉ាក់ បន្ដឈរកំពូលតារាងនិងមាន១០ពិន្ទុ ខណៈអុីរ៉ង់បន្ដឈរលេខ៣ និងមាន៦ពិន្ទុ ចាញ់ប្រៀបក្រុមជម្រើសជាតិបារ៉ែន ដែលកំពុងឈរលេខ២ ចំនួន ២ពិន្ទុ ។

ចំពោះកម្មវិធីប្រកួតបើកឆាកជើងទី២ នាថ្ងៃទី១៩ ខែវិច្ឆិកាសប្ដាហ៍ក្រោយវិញ ក្រៅពីកម្ពុជាត្រូវប៉ះម្ចាស់ផ្ទះហុងកុង ក្រុមជម្រើសជាតិអុីរ៉ាក់ក៏នឹងត្រូវបន្ដបើកទ្វារផ្ទះ ទទួលក្រុមជម្រើសជាតិបារ៉ែន ក្នុងជើងទី២ផងដែរ បន្ទាប់ពីប្រកួតជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា ១-១ កាលពី​ដើមខែកញ្ញាកន្លងទៅ៕