(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចំនួន ១២៨លានរៀល (ប្រមាណ ៣២,០០០ដុល្លារ) បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានខិតខំប្រឹងប្រែង និងដណ្ដើមបានចំណាត់ថ្នាក់លេខ២ ក្នុងពូល G នៃការប្រកួតជម្រុះពានរង្វាន់យុវជនអាយុក្រោម ១៩ឆ្នាំជើងឯកអាស៊ី AFC U-19 Championship 2020 Qualifiers កាលពីថ្មីៗនេះ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា «ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ៤លានរៀល សរុបទាំងអស់ ១២៨លានរៀលដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ និងក្រុមការងារគ្រូបង្វឹក ក្នុងការខិតខំប្រឹងប្រែងនៃព្រឹត្តិការណ៍ការប្រកួតជម្រុះ AFC U-19 Championship 2020 Qualifiers នៅថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩»

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម U-19 កម្ពុជា កំពុងរង់ចាំអ៊ុតលទ្ធផលពូល A នៃព្រឹត្តិការណ៍ខាងលើ ដើម្បីតាមដានពីជោគវាសនារបស់ខ្លួន ក្នុងការប្រកួតប្រជែងកៅអីក្រុមលេខ២ ល្អជាងគេ ដើម្បីបានបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រឆ្នាំ២០២០ នៅប្រទេសអ៊ុយបេគីស្ថាន។ ក្រុមគោព្រៃជំទង់កម្ពុជា បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ និងរកបាន ៩ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ មិនដែលស្មើ៕