(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ត្រូវការត្រឹមតែ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើងទៅលេងជុំផ្តាច់ព្រ័ត្រ វគ្គ ២៤ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ពេលជួបក្រុមភ្ញៀវម៉ុងតេនីក្រូក្នុងវគ្គសន្សំពិន្ទុប្រចាំពូល A ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley រំលងអាធា្រត្រនេះ (ម៉ោងនៅកម្ពុជា)។

នេះជាការប្រកួតលើកទី៧ នៃវគ្គសន្សំពិន្ទុប្រចាំពូល A សម្រាប់ក្រុមតោ៣ អង់គ្លេស ដែលកំពុងកាន់កាប់តំណែងកំពូលតារាងយ៉ាងរឹងមាំជាមួយនឹង ១៥ពិន្ទុនាំមុខក្រុមលេខ២ សាធារណរដ្ឋរដ្ឋឆេក ៣ពិន្ទុ និងក្រុមលេខ៣ កូសូវ៉ូ ៤ពិន្ទុ និងត្រូវការតែ ១ពិន្ទុទៀត ដើម្បីឡើងទៅលេង Euro ឆ្នាំក្រោយ ក្នុងខណៈយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ។

នៅចាំបានថា ក្រុមរបស់លោក Gareth Southgate រកបាន ៣ពិន្ទុ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះម៉ុងតេនីក្រូ ៥-១ និងជាក្រុមលេងមិនចាញ់ឡើយ ក្នុងចំណោម ៣ប្រកួតក្នុងផ្ទះនៃវគ្គជម្រុះ Euro នេះ និងចាញ់តែម្តងគត់ក្នុងលទ្ធផល ២-១ នៅក្នុងផ្ទះរបស់សាធារណរដ្ឋឆេកកាលពីខែតុលា ឆ្នាំ២០១៩។

ក្នុងជំនួបនេះដែរ វាបានក្លាយជាការប្រកួតបង្រ្គប់កិច្ចសម្រាប់ម៉ុងតេនីក្រូ ដែលទើបរកបាន ៣ពិន្ទុនៅឈរនៅលេខរៀងទី៤ ក្នុងចំណោម ៥ក្រុមប្រចាំពូលពូល A ស្មើក្រុមបុលហ្គារី ដែលនៅបាតតារាងមាន ដោយទើបរកបានជ័យជម្នះដូចគ្នា ដែលលេងបាន ៧ប្រកួតមកនេះ។ ក្រុមហ៊ុន CBS ទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍ជម្រុះ Euro 2020 ក្នុងនោះគូប្រកួតរវាងបារាំង ប៉ះម៉ូដូវ៉ា ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CNC បន្ថែមលើគូប្រកួតរវាងព័រទុយហ្គាល់ ប៉ះក្រុមជម្រើសជាតិលីទុយអេនី នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រនេះដូចគ្នា (ម៉ោងនៅកម្ពុជា)៕