(ភ្នំពេញ)៖ ខណៈអ្នកសិល្បៈភាគច្រើនមមាញឹកខ្លាំង ក្នុងការឡើងច្រៀងរាំក្នុងកម្មវិធីប្រគំតន្រី្តនានា ក្នុងប្រទេសនៅថ្ងៃបុណ្យអុំទូកនោះ ងាកមកតារាសម្តែង និងជាតារាចម្រៀងប្រុស លោក បញ្ញា សិទ្ធ ឯណោះវិញហាក់ខុសប្លែកពីតារាដទៃ។ ដោយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក លោកបានចេញទៅសម្តែងច្រៀងនៅឯប្រទេសថៃ ព្រមទាំងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីទស្សនិកជននៅថៃ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងប្រុសរូបសង្ហារ លោក បញ្ញា សិទ្ធិ ត្រូវបានគេឃើញបង្ហាញខ្លួនក្នុងពិធីបណ្ដែតកន្ទងទ្រង់ទ្រាយធំ នៅខេត្តចន្ទថៈបុរី នៃប្រទេសថៃ ប្រកបដោយភាពសប្បាយរីករាយ និងទឹកមុខស្រស់ស្រាយ។ លើសពីនេះលោកក៏ត្រូវបានប្រជាជនថៃឱបថើប បង្កើនភាពស្និទ្ធិស្នាល ក្នុងនាមជាអ្នកគាំទ្រ និងស្រែកហោរកញ្ជ្រៀវពេញកម្មវិធីប្រគំតន្ត្រីផងដែរ។

លោក បញ្ញាសិទ្ធិ បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា លោកសប្បាយចិត្តយ៉ាងខ្លាំង ដែលខ្លួនត្រូវបានអ្នករៀបចំកម្មវិធី នៅខេត្តចន្ទថៈបុរី ប្រទេសថៃ អញ្ជើញក្នុងនាមជាតារាពីកម្ពុជា ទៅច្រៀងនៅក្នុងកម្មវិធីបណ្ដែតកន្ទងទ្រង់ទ្រាយធំ នៅក្នុងឱកាសបុណ្យអុំទូកនៅកម្ពុជា ខណៈការចូលរួមនៅពេលនេះ ធ្វើឲ្យលោកបានឃើញពីបរិយាកាសរៀបចំពិធីបណ្ដែតកន្ទងនៅក្នុងប្រទេសថៃ ដោយក្រៅពីមានសិល្បករថៃល្បីៗចូលរួម ពិធីនោះក៏មានថ្នាក់ដឹកនាំខេត្តថៃចូលរួមផងដែរ។

បញ្ញាសិទ្ធ បន្តថា លោកកាន់តែសប្បាយចិត្ត ដែលរយៈពេលទៅបំពេញការងារនៅក្នុងខេត្តនោះ លោកបានទទួលការស្វាគមន៍ពី ចៅហ្វាយស្រុក ថេសសាបាងថាចាង ប្រចាំខេត្តចន្ទថៈបុរី ដែលស្វាគមន៍លោកយ៉ាងកក់ក្ដៅ ក្នុងនាមជាតារាពីតំណាងឲ្យកម្ពុជា។ លោកថាខ្លួនបង្ហាញមុខលើឆាកតន្ត្រីនៅក្នុងប្រទេសថៃញឹកណាស់ ប៉ុន្តែនៅតែរំភើបនឹងវត្តមានលើឆាកក្នុងពិធីបណ្ដែតកន្ទងមុននេះ។

គួរជម្រាបថា ឱកាសបង្ហាញខ្លួនរបស់ បញ្ហាសិទ្ធ ពេលនេះ ត្រូវបានអ្នកតាមដានសិល្បៈសន្មតថា ជាពេលវេលាមួយ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោក កាន់តែមានសន្ទុះ។ ជាពិសេស ការចេញទៅថៃ បញ្ញាសិទ្ធ ក្តោបក្តាប់បានទីផ្សារខនសឺតនៅថៃ និង ឡាវ ជាបន្តបន្ទាប់៕