(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Bernado Silva ត្រូវបាន FA ដាក់បម្រាមមិនឲ្យលេង ១ប្រកួត និងពិន័យជាទឹកប្រាក់ប្រមាណ ៥០០០០ផោន ពីបទ Comment បែបរើសអើងពូជសាសន៍ទៅលើមិត្តរួមក្រុម Menjamin Mendy នាពេលថ្មីៗនេះ។

ដៃគូប្រយុទ្ធក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយ Cristiano Ronaldo បានធ្វើការប្រៀបធៀបមិត្តរួមក្រុមដែលអតីតកីឡាករមកពីក្លឹបបារាំង AS Monaco ដូចគ្នានោះទៅនឹងប្រអប់សូកូឡាដែលមានប្រភពចេញពីប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់នៅលើបណ្តាញសង្គម និងក្រោយមក ៤៦នាទីលុបចោលវិញ។

លើសពីនេះទៀត ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Bernado Silva ក៏ត្រូវទទួលបានអប់រំបន្ថែមទៀតអំពីឥរិយាបថជាមួយមិត្តរួមក្រុម ដែលធ្លាប់ tweet ខុសម្តងមកហើយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដែលធ្វើផ្ទុយពីបញ្ញតិ្តទី E3 របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA។

ក្លឹប Manchester City មិនប្តឹងបកជុំវិញការសម្រេចនេះឡើយ ដូច្នេះមានន័យថា Bernado Silva នឹងខកខានជួយក្រុមពេលប៉ះក្រុមលេខ៣ តោខៀវ Chelsea នៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Premier League៕