(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ុងហ្គោលី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ ហើយក៏ជាការប្រកួតមិត្តភាពអន្ដរជាតិក្នុងទឹកដីលើកចុងក្រោយសម្រាប់ឆ្នាំ២០១៩ របស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។

ចំពោះការប្រកួតមិត្តភាពនេះ គោលបំណងសំខាន់របស់ក្រុមទាំងពីរ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមបន្ដបេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២០ នៅប្រទេសកាតា(FIFA World Cup Qatar 2022) រៀងៗខ្លួន ពោលគឺកម្ពុជា ត្រៀមជួបហុងកុងក្រៅដី ខណៈម៉ុងហ្គោលី ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខដូចគ្នា ។

លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានអះអាងថា កូនក្រុមលោកបានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ ដ្បិតលោកបានចាត់ទុកការប្រកួតនេះ គឺជាការត្រៀមខ្លួនដ៏ល្អរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមជួបក្រុមជម្រើសជាតិហុងកុង នៅទីក្រុងហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ។ លោកជឿជាក់កូនក្រុមខ្លួន នឹងធ្វើបានល្អក្នុងការប្រកួតនេះ ដើម្បីប្រជែងកៅអីចុងក្រោយ ។

ដោយឡែកលោក Michael Weiss គ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលី បានលើកឡើងស្រដៀងគ្នាថា ការប្រកួតថ្ងៃនេះ ពិតជាសំខាន់សម្រាប់ក្រុមខ្លួន ដើម្បីស៊ាំនឹងអាកាសធាតុ មុនជួបក្រុមអាស៊ាន គឺក្រុមមីយ៉ាន់ម៉ា។ មួយវិញទៀត លោកក៏ចង់ឲ្យកូនក្រុមស៊ាំនឹងកីឡដ្ឋាន ដែលមានអ្នកគាំទ្រចូលរួមទស្សនាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ មុនការប្រកួតផ្លូវការចូលមកដល់។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងដីចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជានេះ ក៏មានការចូលរួមដឹកនាំផ្ទាល់ពីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ហើយការប្រកួតនេះ ក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕