(ភ្នំពេញ)៖ ខណៈដែលតារាហ្វេសប៊ុក Bee Yobo Bee ត្រូវគេដឹងថា ជាតារាស៊ិចស៊ីមិនខ្វល់ពីការរិះគន់ និងត្រូវអ្នកលេងភាគច្រើនយល់ថា នឹងមិនសូវចាប់អារម្មណ៍រឿងវប្បធម៌ ឬសិល្បៈទម្រង់បុរាណនោះ កញ្ញាបែរជាធ្វើឲ្យម្នាក់ៗស្រឡាំង ដោយសារតែនាងចេញមុខបង្ហោះ និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់ជួយដល់ល្ខោនខោល។ នាងបានទទូចឲ្យមានការបរិច្ចាគជួយដល់សិល្បករទម្រង់នេះ បន្ទាប់ពីព្រឹត្តិការណ៍មួយដែលក្រុមល្ខោនខោលគ្រោងធ្វើក្នុងពេលខាងមុខ ប្រឈមមុខខ្លាំងលើកង្វះថវិកា សូម្បីតែទិញសម្លៀកបំពាក់។

កញ្ញា Bee Yobo និយាយថា នាងមានការសង្វេគចិត្តយ៉ាងខ្លាំង ដែលកង្វះខាតរបស់ក្រុមល្ខោនខោលត្រូវគេមើលរំលង ប៉ុន្តែបើរឿងជេរគ្នា និងរឿងអត់ប្រយោជន៍ផ្សេងទៀត មានការចែកចាយផុសផុល។ កញ្ញាថា បើម្នាក់រវល់តែរឿងឈ្លោះគ្នា ឬតាមដានរឿងមិនមានតម្លៃក្នុងហ្វេសប៊ុក គង់តែវប្បធម៌ដែលប្រឈមទាំងឡាយគេយកអស់ទេ។ ការលើកឡើងរបស់នាង គឺស្របពេលដែលនៅប្រទេសថៃ មានការសាងសង់រូបសំណាក់ស្ដេចស្វា និងយក្ស តំណាងឲ្យតួអង្គសំខាន់ក្នុងល្ខោនខោល ខណៈដែលថៃចង់បង្ហាញពិភពលោកថា សិល្បៈមួយនេះជារបស់ជាតិគេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាឯណេះវិញ បែរជាសូម្បីតែចែកចាយព័ត៌មានល្ខោនខោល ដែលគ្រោងធ្វើកម្មវិធីដើម្បីផ្សព្វផ្សាយ ក៏មិនសូវមានអ្នកចាប់អារម្មណ៍។ នាងថាខ្មែររួមគ្នាម្នាក់បន្តិចៗប៉ុណ្ណោះ ទើបសិល្បៈល្ខោនខោលអាចផ្សព្វផ្សាយបានទូលាយ ហើយបរទេសមិនហ៊ានក្រឡៃថា ជារបស់គេ។

ជាមួយនឹងការប្រកូកប្រកាសគួរឲ្យសរសើរ កញ្ញា Bee Yobo ក៏បានបង្ហោះនៅលើហ្វេសប៊ុក ពីការឧបត្ថម្ភជួយដល់សិល្បៈល្ខោនខោល ដែលធ្វើគេសរសើរថា នាងដ្បិតថាទំនើបនិយម និងចូលចិត្តស៊ិចស៊ី ប៉ុន្តែក៏ចេះស្រឡាញ់វប្បធមរបស់ជាតិខ្លួនផងដែរ។ នាងបានសរសេរថា ដើម្បីលើកស្ទួយដល់ល្ខោនខោលរបស់ខ្មែរ ទាំងអស់គ្នាសូមចូលរួម ទោះតិចក្តីច្រើនក្តី ក្រោកឈរឡើង ការពារវប្បធម៌ជាតិយើង សាមគ្គីគ្នាឡើង យកពេលត្រឹមតែមួយនាទី ដើម្បីធ្វើបុណ្យសាងអំពើល្អៗដល់សង្គមទើបមានន័យ...៕