(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេងអ្នកនាង ភិន សុដាលីស បានថ្លែងជាសាធារណៈថា បរិយាកាសក្នុងផ្សារ The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះ មិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារ នៅក្រៅប្រទេសតែម្ដង។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗ នៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួលបានបរិយាកាសថ្មី គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នានឹងផ្សារទំនើប នៅក្នុងប្រទេសសិង្ហបុរី ដូចគ្នា។

ជាការពិត កាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ផ្សារទំនើប The Bridge Lifestyle Mall នៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ បានប្រកាសបើកដំណើរការសាកល្បង។ ក្នុងពិធីនោះ គេឃើញតារាហ្វេសប៊ុកស្រស់ស្អាតជាច្រើនរូប ដោយតារាសិល្បៈគឺមានតែអ្នកនាង ភិន សុដាលីស ម្នាក់ប៉ុណ្ណោះត្រូវបានគេអញ្ជើញ ជាតារាកិត្តិយស ដើម្បីធ្វើទស្សនកិច្ច និងបង្ហាញលក្ខណៈក្នុងផ្សារទាំង៥ជាន់ ដែលនឹងបើកសម្ពោធជាទ្រង់ទ្រាយធំ ក្នុងពេលខាងមុខ។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងលេងខ្លួនស្រស់ស្អាតដូចក្រមុំ ខណៈដែលគ្រាន់តែចូលរួមជាកិត្តិយសប៉ុណ្ណឹងសោះ ក៏ទទួលបានតម្លៃខ្លួនលើសការសម្ដែងដប់ម្ភៃដង ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា មូលហេតុដែលនាងបង្ហាញខ្លួន ក្នុងពិធីដំណើរការបណ្ដោះអាសន្នផ្សារទំនើបស្ដង់ដារ របស់ប្រទេសសិង្ហបុរីរូបនេះ គឺមិនមែនមកចូលរួមជាកិត្តិយស ដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃខ្លួនមួយ តាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន និងធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ ដែលបានដំណើរការនូវហាងមួយចំនួន។ អ្នកនាងថា ហេតុផលនៃការទាក់ទង គឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធី ទាក់ទងឲ្យមកបង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស។

ភិន សុដាលីស បញ្ជាក់បន្ថែមថា ទីផ្សារសិល្បៈដែលនាងទទួលបានផ្សព្វថ្ងៃរួមមាន ការសម្ដែង និង ការទទួលចូលរួមជាតារាកិត្តិយស នៅក្នុងកម្មវិធីសម្ពោធនានា ដោយអ្នកនាងបង្ហើបថា ទីផ្សារចូលរួមជាកិត្តិយស ក្នុងកម្មវិធីមួយនីមួយៗ គឺអ្នកនាងទទួលបានតម្លៃខ្លួនខ្ពស់គួរសម បើទោះអ្នកនាងមិនដឹងថា តម្លៃខ្លួនដែលអ្នកនាងទទួលបាន តើទាបជាង ឬ ខ្ពស់ជាងគេ។

អ្នកនាងនិយាយថា «សម្រាប់តារាផ្សេងទៅកម្មវិធីម្ដងៗ មិនដឹងថាគេទទួលបានប៉ុន្មានទេ ប៉ុន្តែសម្រាប់នាង គឺមានកម្រិតមួយជាក់លាក់ ដោយសារតែអ្នកនាងក្រៅពីត្រូវចំណាយពេល គឺត្រូវចំណាយលើសម្លៀកបំពាក់ និង គ្រឿងអលង្កា ដើម្បីឲ្យខ្លួនលេចធ្លោ។ មិនខុសពីការលើកឡើង អ្នកនាង ភិន ដាលីស គ្រងមួយឈុតពណ៌ស មើលទៅស្រស់ស្អាតយ៉ាងខ្លាំង ដោយអ្នកនាងត្រូវគេកត់សម្គាល់ថា គឺជាតារាកិត្តិយសលេចធ្លោ នៅក្នុងពិធីទាំងមូល»

គួរបញ្ជាក់ថា ផ្សារអាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ៥ជាន់ ដែលសុទ្ធតែជាសម្លៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយដ្ឋានល្បីៗរបស់ពិភពលោក សរុបប្រមាណ៨០ហាង ក៏មាន កន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិត VIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ៕