(ភ្នំពេញ)៖ អត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា ១០រូបនឹងត្រូវចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសហ្វីលីពីនមុនគេ នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកានេះ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ដែលគ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

ប៉ុន្ដែមុនចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ថ្នាក់ដឹកនាំសហព័ន្ធក៏បានជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី ក្រោមវត្តមានលោកបណ្ឌិត ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ដូចជាលោក កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ និងលោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះឱកាសដ៏ល្អ ដើម្បីបន្សាំនឹងការហ្វឹកហាត់ អាកាសធាតុ របបអាហារ និងការស្នាក់នៅជាដើម។ ហេតុនេះលោកបានស្នើឲ្យកីឡាករ-កីឡាការិនីម្នាក់ៗត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ ពិសេសស្វែងយល់ពីបច្ចេកទេសពិសេសៗ ដ្បិតការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកនេះ ពួកគេនឹងត្រូវប្រកួតលើប្រភេទកីឡាយុទ្ធគុនចម្រុះ ឬហៅកាត់ថា Arnis មិនមែនគុនល្បុក្កតោនោះទេ។

បន្ថែមលើនេះលោកបណ្ឌិត ច័ន្ទ សារុន ក៏បានផ្ដល់ការណែនាំជាច្រើន ដើម្បីជំរុញស្មារតីដល់កីឡាករ-កីឡាការិនី មុនចាកចេញពីមាតុភូមិផងដែរ ពិសេសលោកបានស្នើឲ្យមានការប្រុយប្រយ័ត្នជានិច្ច មិនត្រូវមើលងាយលើគូប្រកួតនោះទេ។ មិនតែប៉ុណ្ណោះ លោកក៏ជឿជាក់អត្តពលិកគុនល្បុក្កតោកម្ពុជា នឹងអាចបង្កើតប្រវត្តិសាស្ដ្រដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។

លោកថា «ជ័យជម្នះអាស្រ័យលើយើង គឺប្រឹងប្រែង តែកុំធ្វេសប្រហែស ព្រោះ Arnis ជាកីឡាជាតិរបស់ហ្វីលីពីន អញ្ចឹងខ្ញុំគិតថា ហ្វីលីពីន មិនអន់ទេ។ យើងត្រូវប្រុងប្រយ័ត្ន តិចគេមកសាកជាមួយយើងល្មមៗ ថាប៉ុណ្ណឹងយើងអាចឈ្នះ បើក្នុងសឹកសង្គ្រាមគេថា កុំអាលមើលងាយ។ អញ្ចឹងសំខាន់ត្រូវទុកកិត្តិយសជាតិជាធំ ព្រោះយើងចេញទៅនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថា កម្ពុជាហ៊ឺហារអញ្ចឹង ហ៊ឺហារហឹកហាក់ តែមិនមែនហិនហោចនោះទេ»

ទន្ទឹមជាមួយគ្នា លោកក៏បានរំលឹកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពោលគឺត្រូវធ្វើការប្រកួតដោយសេចក្ដីថ្លៃថ្នូរ យុត្តិធម៌ គោរពបទបញ្ជាការប្រកួត ពិសេសត្រូវចៀសឲ្យឆ្ងាយពីការប្រើប្រាស់សារធាតុហាមឃាត់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ដូចជាសារធាតុលើកកម្លាំងជាដើម។

គួរបញ្ជាក់ថា សម្រាប់ការចេញទៅបោះជំរំហ្វឹកហាត់នៅហ្វីលីពីនយប់នេះ គឺដឹកនាំដោយលោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធ ខណៈអត្តពលិកទាំង ១០រូប រួមមានកីឡាករ ឈឹម សិលា, សុខ ឈុន, ឌិប ង៉ែត, យ៉ង់ ម៉េងលី, មឿន ប៊ុនលី, កីឡាការិនី អេង ស៊ូម៉ាឡា, ខៀវ ចិន្ដ្រារ័ត្ន, យស សញ្ចនា, ស៊ីវន្ដ សូនីតា និងកីឡាការិនី ប៊ូ ចន្ធី។ ការហ្វឹកហាត់នឹងចាប់ផ្ដើមពីថ្ងៃទី១១-២៩ ខែវិច្ឆិកា គ្រាដែលការប្រកួតផ្លូវការលើប្រភេទកីឡា Arnis នឹងចាប់ផ្ដើមពីថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕