(ភ្នំពេញ)៖ តារាសម្ដែងកញ្ញា នី មុន្នីនាថ កំពុងតែធ្វើឲ្យទស្សនិកជន កោតសរសើរ និងចាប់អារម្មណ៍ខ្លាំង តាមរយៈការបង្ហាញពីការចូលរួមផ្សព្វផ្សាយ និងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ យល់ដឹងកាន់តែច្បាស់ពីផលអាក្រក់ របស់សំរាម ជាពិសេសគឺថង់ប្លាស្ទិក ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានតារាទូទាំងពិភពលោកបានចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់ នៃការប្រើថង់ផ្លាស្ទិកផងដែរ ដោយនៅប៉ុន្មានម៉ោងមុននេះ តារាសម្ដែងពូកែទឹកភ្នែក កញ្ញា នី មុន្នីនាថ ក៏បានចូលរួមផ្សព្វផ្សាយការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិក ដោយកញ្ញាបានថតរូបបង្ហាញពីថង់ផ្លាស្ទិក ជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោក។

យោងតាមគណនីហ្វេសប៊ុក របស់តារាទឹកភ្នែក កញ្ញា នី មុន្នីនាថ បានរៀបរាប់ឲ្យដឹងដែរថា «តើអ្នកដឹងទេ រាល់ថ្ងៃសំរាមជាថង់ប្លាស្ទិក កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិក កំពុងបំផ្លាញប្រទេសអ្នក បានកំរិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជាអត្រាការស្លាប់របស់មនុស្ស ក៏ដូចជាសត្វពាហនៈ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុវែងៗ និងមិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ? យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សំរាមប្លាស្ទិក ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា»

ស្រីស្រស់រូបនេះសង្កត់ធ្ងន់ថា «សំរាមក៏ដូចជាថង់ប្លាស្ទិក គឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសំរាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិក ក៏ដូចជាសំរាមនានា ដោយដាក់សំរាមក្នុងធុងសំរាម»

ជាការកត់សម្គាល់ តាមរយៈសកម្មភាពផ្សព្វផ្សាយ ពីឥទ្ធិពលអាក្រក់នៃសំរាម ជាពិសេសគឺថង់ប្លាស្ទិក ពីតារាសម្ដែងនិយមតួទឹកភ្នែក កញ្ញា នី មុន្នីនាថ គឺដោយសារតែជាក់ស្ដែង សំរាមគឺហាក់ត្រូវបានបោះចោលពាសវាលពាលកាល ពីសំណាក់បងប្អូនមួយចំនួនតូច ដែលពួកគេមិនទាន់បានយល់ដឹងច្បាស់ ពីឥទ្ធិពលអាក្រក់របស់សំរាម ទៅលើបរិស្ថាន។

ជាមួយគ្នានេះ ការចេញផ្សព្វផ្សាយបែបនេះ របស់កញ្ញា នី មុន្នីនាថ ក៏ស្របក្នុងឱកាសពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់នៅមិនប៉ុន្មានថ្ងៃនេះទៀតឡើយ ពោលគឺដើម្បីផ្សព្វផ្សាយ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមកកំសាន្តក្នុង ពិធីបុណ្យអុំទូក ចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាតល្អ ជាពិសេសនោះ គឺកុំចោលសំរាមតែម្ដង ហើយ ត្រូវយកដាក់ក្នុងធុងសំរាមដែលមាននៅគ្រប់ទីកន្លែង ក្នុងទីក្រុងភ្នំពេញ និងទីកន្លែងផ្សេងៗ ដូច្នេះយើងត្រូវចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកឲ្យបានគ្រប់ៗគ្នា៕